បាល់ទាត់អន្តរជាតិ
Kim Min-jae អាចនឹងត្រឡប់ទៅលេងនៅអ៊ីតាលីវិញ នារដូវកាលក្រោយ

ក្លឹបម្ចាស់ជើងឯកអ៊ីតាលី Inter Milan កំពុងមានបំណងពង្រឹងបន្ថែមនៅទីតាំងតំបន់ខ្សែការពារកណ្តាលរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។ យោងតាមរបាយការណ៍ពី La Gazzetta dello Sport បានឲ្យដឹងថា ក្លឹប Inter Milan មានចំណាប់អារម្មណ៍លើការផ្ទេរ Kim Min-jae។
ផ្អែកតាមទំនាក់ទំនងល្អរវាងក្លឹប និងក្លឹប ការផ្ទេរ Kim Min-jae ទៅទឹកដីអ៊ីតាលី ពិតជាមិនមានឧបសគ្គអ្វីជាដុំកំភួនឡើយ។ យ៉ាងណាមិញ យើងបានឃើញស្រាប់ហើយ ដោយកាលពីរដូវកាលមុនក្លឹប Inter Milan បានចុះហត្ថលេខាលើកីឡាកររបស់ Bayern Munich ដល់ទៅ 2 រូបគឺ Yann Sommer និង Benjamin Pavard។
ទោះជាយ៉ាងណាក៏ដោយ ការផ្ទេរ Kim Min-jae ទៅ Inter Milan ជាមួយនឹងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលហាក់ដូចជាទំនងជាង ហើយ Bayern Munich ក៏ពេញចិត្តក្នុងការធ្វើបែបនេះដែរ។ គួររំលឹកផងដែរថា ខ្សែការពារសញ្ជាតិកូរ៉េខាងត្បូងរូបនេះបានផ្ទេរទៅ Bayern Munich ក្នុងខែកក្កដា ឆ្នាំ 2023 ពី Napoli ជាមួយនឹងតម្លៃខ្លួន 50 លានអឺរ៉ូ។
ប្រភព: Dailysports