បាល់ទាត់អន្តរជាតិ
Gerard Pique និង Shakira ប្រកាសចែកផ្លូវគ្នា ក្រោយរួមរស់ក្នុងដំបូលផ្ទះតែមួយ អស់រយៈពេល 12 ឆ្នាំ

តារាចម្រៀងប៉ុបសញ្ជាតិកូឡុំប៊ី គឺអ្នកនាង Shakira និងដៃគូស្នេហារបស់ខ្លួន គឺជាកីឡាករសញ្ជាតិអេស្ប៉ាញ Gerard Pique បានដើរដល់ផ្លូវបំបែកហើយនៅពេលនេះ។
តារាចម្រៀងវ័យ 45 ឆ្នាំ ដែលជាម្ចាស់បទ Hips Don’t Lie បានសាងចំណងស្នេហាជាមួយនឹងខ្សែការពារ Gerard Pique ដែលមានវ័យ 35 ឆ្នាំ មានកូនប្រុសពីរនាក់ជាមួយគ្នាគឺ Milan កើតក្នុងឆ្នាំ 2013 និង Sasha កើតនៅឆ្នាំ 2015។ Gerard Pique មានអាយុក្មេងជាង Shakira រហូតដល់ 10 ឆ្នាំ។
អ្នកទាំងពីរបានជួបគ្នាកាលពី 12 ឆ្នាំមុន នៅពេលដែល Gerard Pique បានបង្ហាញមុខនៅក្នុងវីដេអូចម្រៀងរបស់ Shakira ដែលមានចំណងជើងថា “Waka Waka” ដែលជាបទចម្រៀងផ្លូវការណ៍នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2010។ វីដេអូនោះមានអ្នកចូលមើលជាង 3.1 ពាន់លានដងនៅលើ YouTube។
ចំណងស្នេហាបែកបាក់របស់ Shakira និង Pique ផ្ដើមឡើងដោយ Shakira តាមទាន់ Pique បោកប្រាស់នាងដោយលួចលាក់មានស្រីម្នាក់ផ្សេងទៀត មានសក់ពណ៌ទង់ដែង និងជាសិស្សម្នាក់ ដែលមានអាយុទើបតែ 20 ឆ្នាំប៉ុណ្ណោះ ហើយឈ្មោះរបស់នារីម្នាក់នោះ មិនត្រូវបានគេបញ្ជាក់ឡើយ។
Pique និង Shakira បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា ពួកគេទាំងពីរបានបែកគ្នាហើយ។ ដូច្នេះចាប់ពីពេលនេះតទៅ អ្នកទាំងពីរមិនមែនជាគូស្នេហ៍ប្ដីប្រពន្ធដូចពីមុនឡើយ។
ប្រភព: Marca