បាល់ទាត់អន្តរជាតិ
Morata នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីចប់ Euro 2024

តារាឆ្នើម Alvaro Morata ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid និងក្រុមជម្រើសជាតិអេស្ប៉ាញបានបង្ហើបថា គាត់អាចនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ បន្ទាប់ពីបញ្ចប់យុទ្ធនាការ Euro 2024 នេះទៅ។ ដូច្នេះហើយ ការបង្ហាញខ្លួននៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញលើកនេះ គឺជាលើកចុងក្រោយរបស់គាត់ហើយ។
កីឡាករវ័យ 31 ឆ្នាំ Alvaro Morata បានប្រាប់ទៅកាន់ El Mundo ថា៖ “វាអាចជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយអេស្ប៉ាញ។ វាជាលទ្ធភាពដែលខ្ញុំអាចធ្វើបាន និងមិនចង់និយាយច្រើនពេកទេ… នៅប្រទេសអេស្ប៉ាញ វាពិបាកសម្រាប់ខ្ញុំក្នុងការសប្បាយចិត្ត។ ដោយគ្មានការលាក់បាំង ខ្ញុំសប្បាយចិត្តជាង ពេលនៅក្រៅប្រទេសអេស្ប៉ាញ។ លើសពីនេះទៀត មនុស្សនៅទីនោះមានការគោរពខ្ញុំ។ តែនៅប្រទេសអេស្ប៉ាញ មនុស្សមិនមានការគោរពចំពោះអ្វីមួយ រឺនរណាម្នាក់ទេ”។
យ៉ាងណាមិញនៅក្នុងព្រឹត្តិការណ៍ Euro 2024 ខ្សែប្រយុទ្ធឆ្នើម Alvaro Morata ស៊ុតបញ្ចូលទី បាន 1 គ្រាប់ ក្នុងការបង្ហាញខ្លួន 5 ប្រកួត និងទទួលបានកាតលឿងមួយសន្លឹក។ Alvaro Morata បង្ហាញខ្លួនសរុប 77 ប្រកួតសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញរបស់គាត់ ដោយស៊ុតបញ្ចូលទីបាន 36 គ្រាប់។
ប្រភព: Telecomasia