បាល់ទាត់អន្តរជាតិ
តើអនាគតរបស់ Harry Maguire នឹងទៅជាយ៉ាងណា នៅរដូវកាលក្រោយ?

ខ្សែការពារ Harry Maguire របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងបន្តនៅ Old Trafford ដល់រដូវកាលក្រោយទៀត បើទោះបីជាគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញនៅរដូវក្តៅនេះក៏ដោយ។ មានក្លឹបមួយចំនួននៅលីគកំពូលនៃប្រទេសអង់គ្លេសបានចាប់អារម្មណ៍លើ Harry Maguire ប៉ុន្តែមិនមែនជាជម្រើសសម្រាប់គាត់ឡើយ។
កីឡាករវ័យ 31 ឆ្នាំរូបនេះ បានចូលរួមជាមួយ Man United ដោយផ្ទេរពី Leicester City ក្នុងឆ្នាំ 2019។ យ៉ាងណាបច្ចុប្បន្ន Harry Maguire មិនមែនជាកីឡាករដែលក្រុមត្រូវពឹងផ្អែកនោះឡើយ ហើយគ្រូបង្វឹករបស់ក្លឹបលោក Erik ten Hag ប្រើប្រាស់គេតែពេលណាដែលខ្វះខាតខ្សែការពារតែប៉ុណ្ណោះ។
ថ្វីត្បិតតែបែបនេះក៏ដោយ បិសាចក្រហមបានចែកផ្លូវគ្នាជាមួយ Raphael Varane ដែលទើបនឹងផុតកុងត្រា ខណៈដែល Victor Lindelof និង Willy Kambwala ត្រូវបានគេគិតថា អាចនឹងចាកចេញនៅរដូវក្តៅនេះដូចគ្នា។ ជាលទ្ធផលការរក្សាទុក Harry Maguire គឺជារឿងដែលជៀសមិនផុត ហើយខ្សែការពាររូបនេះ នឹងបន្តនៅក្លឹបបច្ចុប្បន្នរបស់ខ្លួនរហូតដល់ផុតកុងត្រា នៅចុងបញ្ចប់នៃរដូវកាលក្រោយ។
ប្រភព: Sportsmole