បាល់ទាត់អន្តរជាតិ
Kylian Mbappe នឹងមិនបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនោះទេ? នេះជាមូលហេតុ!!!

នៅថ្ងៃទី 28 ខែកក្កដា Real Madrid នឹងចាប់ផ្តើមធ្វើការប្រកួតមុនបើករដូវកាលរបស់ពួកគេដែលធ្វើឡើងនៅសហរដ្ឋអាមេរិកហើយ ប៉ុន្តែកីឡាករឆ្នើមចំណូលថ្មី Kylian Mbappe នឹងមិនធ្វើដំណើរទៅជាមួយក្រុមនោះឡើយ។ យោងតាមកាសែត The Athletic បានឲ្យដឹងថា ក្លឹបអធិរាជសបានសម្រេចថា Kylian Mbappe ត្រូវការសម្រាកបន្ថែមទៀត បន្ទាប់ពីការប្រកួត Euro 2024 ជាមួយក្រុមជម្រើសជាតិបារាំង។
បន្ថែមលើសពីនេះដែរ Real Madrid ចង់ឲ្យ Kylian Mbappe ប្រើពេលវេលានេះ ដើម្បីសម្របខ្លួនឲ្យកាន់តែប្រសើរឡើងជាមួយនឹងបរិយាកាសថ្មីរបស់គាត់នៅក្នុងប្រទេសអេស្ប៉ាញ។ យ៉ាងណាមិញ Mbappe នឹងចាប់ផ្តើមហ្វឹកហាត់នៅថ្ងៃទី 7 ខែសីហា ក្នុងទឹកដី Valdebebas ដែលជាទីតាំងមូលដ្ឋានរបស់ក្លឹប។
ខ្សែប្រយុទ្ធវ័យ 25 ឆ្នាំរូបនេះ ត្រូវបានគេរំពឹងទុកថា នឹងបង្ហាញខ្លួនដំបូងរបស់ខ្លួនសម្រាប់ក្លឹបថ្មី Real Madrid នៅថ្ងៃទី 14 ខែសីហា ក្នុងការប្រកួត UEFA Super Cup ទល់នឹង Atalanta ដែលជាម្ចាស់ជើងឯក Europa League កាលពីរដូវកាលមុន។ ក្រៅពី Mbappe ដែលមកពីក្រុមជម្រើសជាតិបារាំង ក៏នៅមាន Ferland Mendy, Eduardo Camavinga និង Aurelien Tchouameni ផងដែរ ដែលពួកគេអាចសម្រេចចិត្តមិនទៅសហរដ្ឋអាមេរិក ក្នុងការប្រកួតមិត្តភាពនេះបានដូចគ្នា។
ប្រភព: Dailysports