Connect with us

បាល់ទាត់អន្តរជាតិ

Chelsea នឹង​ត្រូវ​បង់​ប្រាក់​មួយ​ចំនួន​ឲ្យ Graham Potter ប្រសិន​បើ​គ្រូ​បង្វឹក​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

Published

on

ក្លឹប​តោខៀវ Chelsea នឹង​ត្រូវ​ចំណាយ​ប្រាក់​មួយ​ចំនួន ប្រសិន​បើ​អតីត​គ្រូ​បង្វឹក​របស់​ពួក​គេ​លោក Graham Potter ទៅ​កាន់​តំណែង​ស្នង​បន្ត​ពី Gareth Southgate ដែល​ជា​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។ យ៉ាង​ណា​មិញ សម្រាប់​គ្រូ​បង្វឹក​វ័យ 49 ឆ្នាំ​រូបនេះ​បាន​ទំនេរ​ពី​ការ​ងារ​ជា​យូរ​មក​ហើយ ចាប់​តាំង​ពី​ត្រូវ​បាន​តោខៀវ​បណ្តេញ​ចេញ​ពី​តំណែង​ក្នុង​ខែ​មេសា ឆ្នាំ 2023 ម្ល៉េះ។

Graham Potter គឺ​ជា​គ្រូ​បង្វឹក​ដំបូង​គេ​ដែល​តែងតាំង​ក្នុង​យុគ​សម័យ​របស់​ប្រធាន​ក្លឹប Todd Boehly ដែល​ទើប​ចូល​មក​កាន់​ការងារ​នៅ Stamford Bridge។ យ៉ាង​ណា គ្រូ​បង្វឹក​សញ្ជាតិ​អង់គ្លេស​រូប​នេះ មាន​កំណត់ត្រា​នៃ​ការ​ដឹកនាំ​មិន​ល្អ​ឡើយ ពោល​គឺ​ឈ្នះ​បាន 12 ដង, ស្មើ 8 និងចាញ់ 11 ដង ក្នុង​ការ​ប្រកួត​សរុប 31 ប្រកួត​របស់ Chelsea។

ឥឡូវ​នេះ Graham Potter ត្រូវ​បាន​គេ​ជឿ​ថា កំពុង​ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​គ្រូ​បង្វឹក​ដែល​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ចង់​យក​មក​ដឹកនាំ​បន្ត​ពី​លោក Gareth Southgate ដែល​ទើប​នឹង​ចាកចេញ​ទៅ។ យោងតាម​កាសែត Daily Mail បាន​ឲ្យ​ដឹង​ថា Chelsea នឹង​ចំណាយ​ប្រាក់​រហូត​ដល់ 1 លានផោន ប្រសិន​បើ​អង់គ្លេស​សម្រេច​ចិត្ត​តែង​តាំង Graham Potter ជា​គ្រូ​បង្វឹក​ថ្មី​របស់​ពួក​គេ។

របាយការណ៍​ដដែល​នេះ​ដែរ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា Graham Potter មាន​ប្រាក់​ពលកម្ម 200,000 ផោន ក្នុង​មួយ​សប្តាហ៍​នៅ Chelsea ហើយ​ក្លឹប​តោខៀវ​នៅ​តែ​ត្រូវ​បើក​ប្រាក់​ខែ​ឲ្យ​គាត់​រហូត​ដល់​ខែ​តុលា ចុង​ឆ្នាំ​នេះ។ ប៉ុន្តែ​ប្រសិន​បើ​គាត់​ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នា​ពេល​ខាង​មុខ នោះ​តោខៀវ​ត្រូវ​តែ​បង់​ផ្ដាច់​ឲ្យ Graham Potter ទាំង​អស់​តែ​ម្ដង។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២