Connect with us

បាល់ទាត់អន្តរជាតិ

តើ​ខ្សែការពារ​រូប​ណា ដែល​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់?

Published

on

ការ​លេង​ក្នុង​តំណែង​ជា​ខ្សែការពារ ជា​ទូទៅ គឺ​ជា​ការ​ផ្ដោត​សំខាន់​នៅ​លើ​ការ​កាត់​បាល់ទាត់ និង​រារាំង​គូ​ប្រកួត​មិន​ឲ្យ​មា​ន​ឱកាស​ស៊ុត​បញ្ជូល​ទី ហើយ​ជា​ទូទៅ​កីឡាករ​ដែល​លេង​ក្នុង​តំបន់​ការពារ កម្រ​មាន​ឱកាស​ស៊ុត​បញ្ចូលទី​ណាស់។ ទោះ​ជា​បែប​នេះ​ក៏​ដោយ ខ្សែការពារ​មួយ​ចំនួន បាន​បង្កើត​ភាព​អស្ចារ្យ ដោយ​អាច​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​រហូត​ដល់​ច្រើន​ជាង 200 គ្រាប់​ឯណោះ។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​បង្ហាញ​មុខ​ខ្សែការពារ​ដែល​ស៊ុត​បញ្ចូលទី​បាន​ច្រើន​ជាង​គេ​បំផុត​ទាំង 5 រូប ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។

5. Sergio Ramos

ខ្សែការពារ​ឆ្នើម Sergio Ramos រក​បាន​គ្រាប់​បាល់ 140 គ្រាប់ ក្នុង​នាម​ជា​ខ្សែការពារ​ដ៏​ជោគជ័យ​បំផុត​ម្នាក់​ក្នុង​ជំនាន់​របស់​គាត់។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពី​សមត្ថភាព​ស៊ុត​បញ្ចូលទី​ដោយ​ការ​តែត និង​ជា​អ្នកជំនាញ​ក្នុង​ការ​ទាត់​បាល់​ប៉េណាល់ទី​ដ៏​ល្អ​ផង​ដែរ។

4. Laurent Blanc

ខ្សែការពារ​ដែល​លេច​ធ្លោរ​ខ្លាំង​ក្នុង​ជំនាន់​ឆ្នាំ 1990 រូប​នេះ រក​បាន​គ្រាប់​បាល់​សរុប 153 គ្រាប់ នៅ​ក្នុង​អាជីព​របស់​ខ្លួន។ ខ្សែ​ការពារ​សញ្ជាតិ​បារាំង Laurent Blanc ត្រូវ​បាន​គេ​ដឹង​ថា មាន​សមត្ថភាព​ស៊ុត​បញ្ចូលទី និង​មាន​សមត្ថភាព​បញ្ជូន​បាល់​ដ៏​ល្អ​ទៀត​ផង។

3. Fernando Hierro

អតីត​ខ្សែការពារ​របស់ Real Madrid រូប​នេះ រក​បាន​គ្រាប់​បាល់​សរុប 163 គ្រាប់ ហើយ​គាត់​គឺ​ជា​ខ្សែការពារ​ម្នាក់​ដ៏​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ Fernando Hierro មាន​ភាព​លេច​ធ្លោរ​ដោយ​ជំនាញ​ទាត់​បាល់​ហ្វ្រីឃីគ​របស់​គាត់ និង​ជំនាញ​ស្លាយ​កាត់​បាល់​ទៅ​លើ​គូ​ប្រកួត។

2. Daniel Passarella

ខ្សែការពារ​ដែល​មាន​ស្ថិតិ​គ្រាប់​បាល់​ក្នុង​ចំណាត់​លេខ 2 រូប​នេះ រក​បាន 175 ​គ្រាប់។ ខ្សែ​ការពារ​អាហ្សង់ទីន Daniel Passarella ត្រូវ​បាន​គេ​ស្គាល់​ថា មាន​សមត្ថភាព​ស៊ុត​បញ្ចូលទី​ដ៏​ល្អ និង​មាន​ភាព​ជា​អ្នកដឹកនាំ នៅ​លើ​ទីលាន​ប្រកួត​ផង​ដែរ។

1. Ronald Koeman

អតីត​ខ្សែការពារ​របស់​ក្លឹប Barcelona រូប​នេះ បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​កំពុង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ហូឡង់។ ជាមួយ​នឹង​ការ​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​បាន 253 គ្រាប់ Ronald Koeman បាន​ឈរ​នៅ​លើ​កំពូល​តារាង ដែល​ជា​ខ្សែការពារ​ស៊ុត​បញ្ចូលទី​បាន​ច្រើន​ជាង​គេ ហើយ​កំណត់ត្រា​នេះ​ប្រហែល​ជា​មិន​ងាយ​មាន​អ្នក​បំបែក​បាន​ឡើយ ទោះ​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្ស​ទៀត​ក៏​ដោយ។

ប្រភព: Sholynationsport

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២