បាល់ទាត់អន្តរជាតិ
Nkunku នឹងបន្តស្នាក់នៅ RB Leipzig ទោះបីមានក្លឹបធំៗចង់បានក៏ដោយ

ខ្សែប្រយុទ្ធឆ្នើម Christopher Nkunku បានបង្ហាញឲ្យដឹងថា គាត់ពិតជាត្រូវបានក្លឹបកំពូលៗ មួយចំនួននៅអឺរ៉ុបចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើគាត់នៅរដូវក្តៅនេះ។
កីឡាករវ័យ 24 ឆ្នាំ ទើបតែបញ្ចប់យុទ្ធនាការដ៏អស្ចារ្យរបស់ខ្លួនជាមួយក្លឹប RB Leipzig ដោយស៊ុតបញ្ចូលទីបាន 20 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរបស់ខ្លួនបាន 15 ដង ក្នុងការប្រកួតលីគ ហើយថែមទាំងទទួលបានពានរង្វាន់ជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Bundesliga ផងដែរ។
បន្ទាប់ពីជោគជ័យដ៏សម្បើមនោះដែរ Nkunku ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពីក្លឹបបច្ចុប្បន្ន RB Leipzig។ ក្លឹបតោខៀវ Chelsea និង Manchester United កំពុងតែចាប់អារម្មណ៍ខ្លាំង ខណៈដែល Paris Saint-Germain ក៏ចង់នាំយកគាត់ត្រឡប់ទៅវិញទៀតផង។
យ៉ាងណា ថ្លែងទៅកាន់ Telefoot អំឡុងពេលទៅលេងឲ្យក្រុមជម្រើសជាតិបារាំង Nkunku បានសារភាពថា គាត់ដឹងថាក្លឹបផ្សេងៗកំពុងតាមដានគាត់ ប៉ុន្តែគាត់អាចបន្តនៅ Leipzig ដើម្បីរក្សាទម្រង់លេងបានល្អ នឹងអាចមានឈ្មោះក្នុងបញ្ជីឈ្មោះកីឡាករជម្រើសជាតិដែលត្រូវបានលោក Didieer Deschamps កោះហៅ សម្រាប់ការប្រកួត World Cup ចុងឆ្នាំនេះ។
ប្រភព: 90 Min