បាល់ទាត់អន្តរជាតិ
កីឡាករចំណូលថ្មីរបស់ក្លឹប Mainz អាចនឹងជាប់ពន្ធនាគាររហូតដល់ 6 ឆ្នាំ

កីឡាករចំណូលថ្មីរបស់ក្លឹប Mainz គឺខ្សែបម្រើ Kaishu Sano អាចប្រឈមមុខនឹងការអវត្តមានពីបាល់ទាត់រយៈពេលយូរ។ កីឡាករជប៉ុនរូបនេះប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ 6 ឆ្នាំ។
យោងតាមរបាយការណ៍ពី Bild បានឲ្យដឹងថា កីឡាករជប៉ុនវ័យ 23 ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទរំលោភបូកទៅលើស្ត្រីម្នាក់ ដែលមានអាយុ 30 ឆ្នាំ ហើយគាត់បានប្រព្រឹត្តិអំពើនេះជាមួយមិត្តរួមក្រុមជម្រើសជាតិរបស់គាត់ 2 នាក់ទៀតគឺ Taika Yamamoto និង Hayato Takeuchi។
ស្ត្រីរងគ្រោះ បានរាយការណ៍ប្រាប់ប៉ូលីសភ្លាមៗបន្ទាប់ពីហេតុការណ៍នោះបានកើតឡើង។ ក្រោយមកពួកគេក៏ត្រូវបានចាប់ខ្លួនផងដែរ នៅក្បែរសណ្ឋាគារមួយ។ Kaishu Sano និង Taika Yamamoto បានសារភាពកំហុសរបស់ខ្លួន ខណៈដែល Hayato Takeuchi បានបដិសេធការចោទប្រកាន់ទាំងអស់។ យ៉ាងណាក៏ដោយ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រោមច្បាប់របស់ជប៉ុន កីឡាករទាំង 3 រូបនេះ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី 4 ទៅ 6 ឆ្នាំ។
ដោយឡែកក្លឹប Mainz ទើបនឹងចុះកុងត្រាជាមួយ Kaishu Sano ក្នុងតម្លៃផ្ទេរ 2.5 លានអឺរ៉ូ អាចនឹងត្រូវខាតលុយ ដោយមិនបានកីឡាករ ព្រោះការផ្ទេរនេះត្រូវបានសម្រេចរួចរាល់ហើយ។ យ៉ាងណាក៏ដោយ ការទូទាត់សាច់ប្រាក់អាចនឹងត្រូវពន្យារពេល ដោយសារការស៊ើបអង្កេតកំពុងបន្ត។
ប្រភព: Dailysports