បាល់ទាត់អន្តរជាតិ
AS Roma ត្រៀមប្រកាសបេក្ខភាពខ្សែប្រយុទ្ធចំណូលថ្មី Artem Dovbyk

រឿងជុំវិញការផ្ទេរខ្សែប្រយុទ្ធឆ្នើមប្រចាំរដូវកាលនៅ La Liga គឺកីឡាករ Artem Dovbyk បានឈានដល់ទីបញ្ចប់ហើយ។ កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ ត្រូវបានគេដឹងថា បានព្រមព្រៀងផ្ទេរដើម្បីចូលរួមជាមួយក្លឹបថ្មីរួចហើយ ដែលជាក្លឹបយក្សមួយប្រចាំទឹកដីអ៊ីតាលី។
យោងតាមរបាយការណ៍ចុងក្រោយមួយពីលោក Fabrizio Romano បានឲ្យដឹងថា Dovbyk បានសម្រេចចិត្តចូលរួមជាមួយក្លឹប AS Roma ខណៈដែលកិច្ចព្រមព្រៀងពាក្យសំដីរវាងក្លឹប និងក្លឹបត្រូវបានឈានដល់ចំណុចសម្រេចចុងក្រោយ។ សម្រាប់កិច្ចព្រមព្រៀងផ្ទេរកីឡាករវ័យ 27 ឆ្នាំរូបនេះត្រូវបានគេដឹងថា មានតម្លៃ 34 លានអឺរ៉ូ បូករួមនឹងប្រាក់រង្វាន់ផ្សេងៗទៀតនៅពេលក្រោយ។
ខ្សែប្រយុទ្ធឆ្នើម Artem Dovbyk នឹងមកដល់ទីក្រុងរ៉ូមដែលជាផ្ទះរបស់ AS Roma នៅថ្ងៃស្អែក ហើយគាត់នឹងចុះកុងត្រាជាមួយក្លឹបយក្សមួយនេះរយៈពេល 5 ឆ្នាំ។ គួររំលឹកផងដែរថា កន្លងមកក្លឹប Atletico Madrid ក៏ចាប់អារម្មណ៍លើ Dovbyk ដែរ ប៉ុន្តែពួកគេផ្ដល់លក្ខខណ្ឌប្រាក់ខែដល់កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះមិនសមស្របតាមការចង់បាន ហើយធ្វើឲ្យអ្វីៗត្រូវបរាជ័យ។
ប្រភព: Dailysports