បាល់ទាត់អន្តរជាតិ
Atletico Madrid ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែការពារ Aymeric Laporte

ក្លឹប Atletico Madrid ដែលទើបតែបានចុះហត្ថលេខាលើ Le Normand ដែលជាខ្សែការពារកណ្តាល ឥឡូវនេះកំពុងស្វែងរកខ្សែការពារកណ្ដាលម្នាក់ទៀតដែលអាចលេងជាដៃគូជាមួយនឹងកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ។ យោងតាមកាសែត Relevo បានរាយការណ៍ថា ក្លឹប Atletico Madrid បានបង្ហាញចំណាប់អារម្មណ៍លើខ្សែការពារកណ្តាលរបស់ក្លឹប Al Nassr គឺកីឡាករ Aymeric Laporte។
យ៉ាងណាមិញ Atletico Madrid ត្រូវបានគេដឹងថា បានសាកសួរពីតម្លៃខ្លួនរបស់កីឡាករវ័យ 30 ឆ្នាំរូបនេះរួចហើយ។ គួរដឹងផងដែរថា Aymeric Laporte មិនធ្លាប់លេងនៅក្លឹបជាមួយ Le Normand នោះទេ ប៉ុន្តែពួកគេគឺជាដៃគូដ៏ល្អនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ហើយមិនតែប៉ុណ្ណោះកាលពីពេលថ្មីៗកន្លងទៅអ្នកទាំង 2 ទើបនឹងបានឈ្នះពាន Euro 2024 ជាមួយគ្នាថែមទៀតផង។
ទន្ទឹមនឹងនេះដែរ សម្រាប់ Aymeric Laporte គេពិតជាចង់ត្រឡប់មកទឹកដីអេស្ប៉ាញវិញ និងសុខចិត្តទទួលយកលក្ខខណ្ឌនៃការកាត់បន្ថយប្រាក់ខែតិចជាងនៅក្លឹបរបស់អារ៉ាប៊ីសាអូឌីតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន Atletico Madrid កំពុងផ្តោតលើការពង្រឹងនៅតំបន់ខ្សែបម្រើ និងតំបន់ប្រយុទ្ធរបស់ពួកគេជាមុនសិន ដូច្នេះហើយ Aymeric Laporte ប្រហែលជាត្រូវរង់ចាំ។
ប្រភព: Dailysports