បាល់ទាត់អន្តរជាតិ
Man City លក់ខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ បានថ្លៃជិត 100 លានអឺរ៉ូ

ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Atletico Madrid ដើម្បីលក់ខ្សែប្រយុទ្ធ Julian Alvarez ហើយ។ កីឡាករវ័យ 24 ឆ្នាំរូបនេះកំពុងត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន ដើម្បីបន្តអាជីពនៅទឹកដីអេស្ប៉ាញ។
យ៉ាងណាមិញ Julian Alvarez បានសម្រេចចិត្តបែបនេះ ដោយសារតែគាត់ចង់ទទួលបានឱកាសក្លាយជាកីឡាករនៃជម្រើសដំបូង និងសំខាន់សម្រាប់ក្រុម ខណៈដែលនៅ Man City គាត់ត្រឹមតែជាតួអង្គរងនៅពីក្រោយខ្សែប្រយុទ្ធសញ្ជាតិន័រវេស Erling Haaland តែប៉ុណ្ណោះ។
កីឡាករសញ្ជាតិអាហ្សង់ទីន Julian Alvarez នៅសល់កុងត្រារយៈពេល 4 ឆ្នាំទៀតជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។ យោងតាមរបាយការណ៍ច្បាស់ការណ៍ពី The Athletic បានឲ្យដឹងថា Man City បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Atletico Madrid រួចរាល់ហើយ ក្នុងការលក់ Alvarez ដែលមានតម្លៃរហូតដល់ទៅ 95 លានអឺរ៉ូ (81.5 លានផោន)។
ប្រភព: Sportsmole