Connect with us

បាល់ទាត់អន្តរជាតិ

មិន​ឲ្យ​រួច​ខ្លួន​ទេ ពេល​នេះ Morata និង Pedri ត្រូវ​បាន UEFA ដាក់​ពិន័យ​ហើយ!!!

Published

on

ការ​អបអរ​សាទរ​ជ័យ​ជម្នះ​របស់​ក្រុម​បាល់ទាត់​នៃ​ប្រទេស​អេស្ប៉ាញ ក្នុង​ការ​ប្រកួត​ជើង​ឯក​ទ្វីបអឺរ៉ុប (Euro) 2024 បាន​ក្លាយ​ទៅ​ជា​រឿង​អាស្រូវ​ដ៏​ធំ​មួយ ហើយ​ឥឡូវ​នេះ UEFA បាន​ធ្វើ​ការ​សម្រេច​ចិត្តថ្កោលទោស​កីឡាករ​សំខាន់ៗ​ចំនួន 2 នាក់ នៃ​ក្រុម​ជម្រើស​ជាតិ​របស់​ពួក​គេ។

សូម​រំលឹក​ឡើង​វិញ​ថា ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រារព្ធ​ពិធី​អបអរ​ការ​ឈ្នះពាន Euro 2024 មាន​ការ​ស្រែក​ជា​សម្លេង​ដោយ​បន្លឺ​ឡើង​ថា៖ “Gibraltar is Spain” ដែល​មាន​ន័យ​ថា “Gibraltar ជា​របស់​ប្រទេស​អេស្ប៉ាញ” ហើយ​កីឡាករ​ដែល​បាន​ស្រែក​នោះ​គឺ Alvaro Morata និង Pedri។

ដោយ​ឡែក​យើង​គួរ​ដឹង​ដែរ​ថា Gibraltar គឺ​ជា​អ្វី? Gibraltar គឺ​ជា​ទឹកដី​មួយ​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អេស្ប៉ាញ។ នោះ​គឺ​ជា​ទី​លំនៅ​ដំបូង​របស់​ជនជាតិ Moors ក្នុង​យុគសម័យ​កណ្តាល ហើយ​ក្រោយ​មក​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រទេស​អេស្ប៉ាញ។ នៅ​ឆ្នាំ 1704 កងទ័ព​អង់គ្លេស និង​ហូឡង់​បាន​ដណ្តើម​យក Gibraltar ពី​ប្រទេស​អេស្ប៉ាញ​ក្នុង​កំឡុង​ពេល​នៃ​សង្រ្គាម​ដណ្ដើម​រាជ្យ​របស់​អេស្ប៉ាញ ហើយ​វា​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ចក្រភព​អង់គ្លេស​ជា​រៀង​រហូត​តាំង​ពី​ពេល​នោះ​មក ក្រោម​សន្ធិសញ្ញា Utrecht ក្នុង​ឆ្នាំ 1713។

ទឹកដី Gibraltar គឺ​ជា​ចំណុច​មួយ​នៃ​ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​អង់គ្លេស និង​អេស្ប៉ាញ ខណៈ​ដែល​អេស្ប៉ាញ​តែងតែ​មាន​ការ​ទាមទារ​ទឹកដី​នេះ​មក​វិញ។ យ៉ាង​ណា​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ទឹកដី​នោះ បាន​ច្រានចោល​យ៉ាង​ដាច់​ខាត​ពី​សំណើរ​នៃ​ការ​ទាមទារ​របស់​អេស្ប៉ាញ ដោយ​ប្រើប្រាស់​ប្រជា​មតិ​ឆ្នាំ 1967 និង​ប្រជា​មតិ​ម្ដង​ទៀត​នៅ​ឆ្នាំ 2002។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Gibraltar នៅ​តែ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​វប្បធម៌​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អេស្ប៉ាញ ដោយ​ប្រជាជន​ភាគ​​ច្រើន​នៅ​ទីនោះនិយាយ​ភាសា​អេស្ប៉ាញ។

ងាក​មក​មើល​ពី Alvaro Morata និង Pedri វិញ​ម្ដង ដោយ​បន្ទាប់​ពី​នោះ​មក​ការស៊ើប​អង្កេត​របស់ UEFA បាន​ចាប់​ផ្តើម។ ជា​លទ្ធផល UEFA បាន​បញ្ជាក់​ថា កីឡាករ​ឆ្នើម​ទាំង 2 រូប​នេះ នឹង​មាន​ការ​ព្យួរ 1 ប្រកួត​សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​នា​ព្រឹត្តិការណ៍​បន្ទាប់។

សម្រាប់​ហេតុផល​នៃ​ការ​ពិន័យ ដោយ​សារ Morata និង Pedri មិន​គោរព​តាម​គោលការណ៍​ទូ​ទៅ​របស់ UEFA ដោយ​ប្រើប្រាស់​ព្រឹត្តិការណ៍​កីឡា មក​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ និង​ធ្វើ​ឲ្យ​ខូច​កិត្តិយស​នៃ​កីឡាបាល់ទាត់។ ដោយ​សារ​ការ​ដាក់​ពិន័យ​នេះ Morata និង Pedri ត្រូវ​ខកខាន​ការ​ប្រកួត UEFA Nations League ដែល​ជា​ការ​ប្រកួត​បើក​ឆាក​ជាមួយ​ស៊ែប៊ី នៅ​ថ្ងៃទី 5 ខែ​កញ្ញា។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២