បាល់ទាត់អន្តរជាតិ
Lampard ចង់នាំយក Harry Winks ពី Tottenham Hotspur ដើម្បីមកពង្រឹងនៅតំបន់បម្រើ

ខ្សែបម្រើ Harry Winks របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ស្ថិតក្នុងបញ្ជីគោលដៅរបស់ក្លឹប Everton ខណៈដែលលោក Frank Lampard កំពុងសម្លឹងរកការចុះហត្ថលេខាលើកីឡាករចំណូលថ្មីយ៉ាងហោចណាស់បួននាក់ ដើម្បីកុំឲ្យរដូវកាលក្រោយត្រូវស្ថិតក្នុងតំបន់ក្បែរកាត់ដូចរដូវកាលនេះទៀត។
យ៉ាងណាមិញ ក្លឹបស្ករគ្រាប់ Everton ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារ James Tarkowski ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន។ Lampard ក៏ចង់បន្ថែមខ្សែបម្រើថ្មីយ៉ាងហោចណាស់ម្នាក់ ទៅក្នុងក្រុមរបស់គាត់នៅរដូវក្តៅនេះ។
ដំបូងឡើយ Conor Gallagher របស់ Chelsea ដែលខ្ចីជើងទៅ Crystal Palace គឺជាកីឡាករម្នាក់ដែលស្ថិតក្នុងគោលដៅរបស់លោក Lampard ប៉ុន្តែខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានលោក Thomas Tuchel នាំយកមកប្រើប្រាស់សាកល្បង មុនការប្រកួតបើករដូវកាលថ្មី។
នោះមានន័យថា Lampard ប្រហែលជាត្រូវរង់ចាំរហូតដល់យឺតពេល ក្នុងទីផ្សារដោះដូរកីឡាករត្រូវបានបិទ ដើម្បីមើលថា តើ Chelsea នឹងប្រើប្រាស់ Conor Gallagher រឺអត់។ ដូច្នេះហើយគ្រូបង្វឹករបស់ក្លឹប Everton ក៏បានបង្វែរគោលដៅចង់បាន Harry Winks ជំនួសវិញ។
ប្រភព: Telegraph