Connect with us

បាល់ទាត់អន្តរជាតិ

Juventus ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប​តោខៀវ Chelsea

Published

on

ក្លឹប​សេះបង្កង់ Juventus កំពុង​តែ​ព្យាយាម​លូកដៃ​ចូល​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ពេល​បច្ចុប្បន្ន ជាមួយ​នឹង​ផែនការ​ដើម្បី​ចុះ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី​មួយ​ចំនួន ជា​ពិសេស​ពួក​គេ​កំពុង​ដាក់​ដំណើរ​ការ​ទិញ​យក​ខ្សែបម្រើ Teun Koopmeiners របស់ Atalanta និង​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Fiorentina គឺ​កីឡាក Nico Gonzalez។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គ្រូបង្វឹក​ថ្មី​របស់ Juventus គឺ​លោក Thiago Motta បាន​បញ្ជាក់​ថា គាត់​ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប​ចំណូល​ថ្មី​ចំនួន 2 នាក់​នៅ​រដូវក្តៅ​នេះ ខណៈ​ដែល​គាត់​មិន​មាន​គម្រោង​ប្រើប្រាស់​ខ្សែ​ប្រយុទ្ធ​បច្ចុប្បន្ន​របស់​ក្លឹប​គឺ Federico Chiesa នោះ​ឡើយ ហើយ​កីឡាករ​រូប​នេះ ក៏​ទំនង​ជា​នឹង​ចាកចេញ​ពី​ក្លឹប​នា​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ផង​ដែរ។

ក្រៅពី Nico Gonzalez ក្លឹប Juventus នៅ​បន្ត​ស្វែងរក​ខ្សែ​ប្រយុទ្ធ​ស្លាប​ម្នាក់​ទៀត ហើយ​បើ​យោង​តាម​របាយការណ៍​របស់ ​​Gianluca Di Marzio បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​កំណត់​គោលដៅ​របស់​ខ្លួន​លើ Raheem Sterling។ ដោយ​ឡែក​ពេល​នេះ គេ​បាន​ដឹង​ផង​ដែរ​ថា Juventus បាន​ទាក់ទង​ទៅ​កាន់​តោខៀវ Chelsea រួច​ហើយ ជុំ​វិញ​រឿង​រ៉ាវ​នៃ​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ។

យោងតាម​វេបសាយ Transfermarkt បាន​បង្ហាញ​ថា Raheem Sterling នឹង​មាន​តម្លៃ​ផ្ទេរ 35 លានអឺរ៉ូ ព្រោះ​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​ជាមួយ Chelsea នៅ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ 2027។ តោខៀវ​ប្រហែល​ក៏​ចង់​ចែក​ផ្លូវគ្នា​ជាមួយ Raheem Sterling ផង​ដែរ ខណៈ​ដែល​ថ្មីៗ​នេះ​ពួក​គេ​ទើប​នឹង​ចុះ​ហត្ថលេខា​លើ Pedro Neto ពី Wolverhampton ដែល​ជា​កីឡាករ​លេង​ក្នុង​តំណែង​ដូច​គ្នា​ជាមួយ Raheem Sterling ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២