បាល់ទាត់អន្តរជាតិ
តោខៀវប្រកាសចុះហត្ថលេខាលើខ្សែការពារវ័យក្មេងរបស់ក្លឹប Boca Juniors

ក្លឹបតោខៀវ Chelsea បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Aaron Anselmino ពីក្លឹប Boca Juniors កាលពីម្សិលមិញ។ ខ្សែការពារវ័យ 19 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកុងត្រារយៈពេល 7 ឆ្នាំជាមួយក្លឹបតោខៀវ ដែលមានសុពលភាពដល់រដូវក្ដៅឆ្នាំ 2031។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ គឺបេក្ខភាពកីឡាករចំណូលថ្មីរបស់តោខៀវបន្ទាប់ពីកីឡាករជាច្រើនផ្សេងទៀតដូចជា Omari Kellyman, Tosin Adarabioyo, Marc Guiu, Kiernan Dewsbury-Hall, Renato Viega, Caleb Wiley និង Filip Jorgensen។ គួររំលឹកផងដែរថា Anselmino បានចំណាយពេលក្នុងអាជីពបាល់ទាត់ដំបូងរបស់គាត់ជាមួយក្លឹប Juventud Unida និង Sportivo Realico មុនពេលផ្ទេរទៅចូលរួមជាមួយក្លឹប Boca Juniors នៅអាយុ 12 ឆ្នាំ។
នៅដើមរដូវកាលនេះ តោខៀវ Chelsea បានព្យាយាមចុះហត្ថលេខាលើកីឡាករក្មេងៗជាច្រើន ខណៈដែលពួកគេកំពុងត្រៀមលក់ខ្សែបម្រើ Conor Gallagher ទៅឲ្យ Atletico Madrid។ គ្រូបង្វឹកថ្មីរបស់តោខៀវគឺលោក Enzo Maresca ហាក់ដូចជារុះរើក្រុមជាលក្ខណៈទ្រង់ទ្រាយធំ និងកំពុងព្យាយាមរៀបចំផែនការអនាគតដ៏យូរអង្វែងផងដែរ។
ប្រភព: Metro