បាល់ទាត់អន្តរជាតិ
Napoli ឈានដល់កិច្ចព្រមព្រៀងទិញយកខ្សែបម្រើរបស់ក្លឹប Brighton

ក្លឹប Napoli បានធ្វើការរុះរើ និងរៀបចំក្រុម យ៉ាងមរមាញឹកនាទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ប៉ុន្តែពួកគេបានរុះរើដោយផ្តោតតែលើតំបន់ការពារ និងតំបន់ប្រយុទ្ធប៉ុណ្ណោះ ហើយមិនមានការផ្ដោតយកចិត្តទុកដាក់លើតំបន់បម្រើ រហូតដល់ពេលនេះ ពួកគេមិនបានចុះហត្ថលេខាលើខ្សែបម្រើណាម្នាក់នោះទេ។
ដោយឡែកវាជាការសម្រេចចិត្តផ្ទាល់របស់គ្រូបង្វឹកថ្មីគឺលោក Antonio Conte។ ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹប Napoli បានយល់ព្រមលើលក្ខខណ្ឌទិញយកខ្សែបម្រើ Billy Gilmour របស់ក្លឹប Brighton ហើយ។
ការចរចារវាង Napoli និង Brighton បានសម្រេចរួចរាល់ ដោយរងចាំតែការបញ្ជាក់លម្អិតមួយចំនួនចុងក្រោយទៀតប៉ុណ្ណោះ។ គេជឿថា Brighton នឹងទទួលបានទឹកប្រាក់ប្រហែល 17 ទៅ 18 លានអឺរ៉ូសម្រាប់ការលក់កីឡាករវ័យ 23 ឆ្នាំរូបនេះ ប៉ុន្តែកិច្ចព្រមព្រៀងនេះក៏មានរួមបញ្ចូលទាំងប្រាក់រង្វាន់បន្ថែមផ្សេងទៀតនៅពេលក្រោយផងដែរ។
ប្រភព: Dailysports