បាល់ទាត់អន្តរជាតិ
Barcelona ចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ក្លឹប Bayer Leverkusen

ក្លឹបអ្នកមានបុណ្យ Barcelona មិនអាចចុះឈ្មោះ Dani Olmo ចូលទៅក្នុងក្រុមរបស់ខ្លួនបានទេ បន្ទាប់ពីពួកគេបានចាយប្រាក់ 55 លានអឺរ៉ូជាមួយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ។ ទោះបីជាយ៉ាងណាក្ដី ក្លឹបកាតាឡាន់នៅតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចុះហត្ថលេខាលើកីឡាករចំណូលថ្មីបន្ថែមទៀត។
កីឡាករចុងក្រោយ ដែលស្ថិតក្នុងក្រសែភ្នែករបស់ពួកគេ ជាខ្សែការពារកណ្តាលសញ្ជាតិអាឡឺម៉ង់ Jonathan Tah របស់ Bayer Leverkusen។ កីឡាករវ័យ 28 ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកជាខ្សែការពារកំពូលមួយរូបនៅក្នុងពិភពបាល់ទាត់ ខណៈដែលកាលពីរដូវកាលមុនគេបានក្លាយជាចំណែកមួយដ៏សំខាន់នៃការឈ្នះពានលីគរបស់ Bayer Leverkusen ផងដែរ។
កាលពីដើមរដូវកាលនេះ Jonathan Tah ត្រូវបានគេផ្សារភ្ជាប់យ៉ាងខ្លាំង ជាមួយនឹងការចុះកុងត្រាជាមួយ Bayern Munich ប៉ុន្តែអ្វីៗមិនបានកើតឡើងដូចការរំពឹងទុកនោះឡើយ។ យោងតាមរបាយការណ៍ពី Sport បាននិយាយថា Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Jonathan Tah ប្រសិនបើ Eric Garcia ចាកចេញ។
Eric Garcia ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការលក់ចេញ 15 លានអឺរ៉ូ ខណៈដែលមានការអះអាងមួយលើកឡើងថា Jonathan Tah អាចមានតម្លៃត្រឹមតែ 20 លានអឺរ៉ូប៉ុណ្ណោះ។ គួរដឹងផងដែរថា គ្រូបង្វឹកលោក Hansi Flick ធ្លាប់ធ្វើការជាមួយ Jonathan Tah បានមួយរយៈពេលផងដែរ ក្នុងអំឡុងដែលគាត់នៅដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ង់។
ប្រភព: Yahoo Sports