បាល់ទាត់អន្តរជាតិ
Van de Beek ចង់ចាកចេញទៅ Roma ទោះបីពេលនេះ មានវត្តមានរបស់គ្រូថ្មី Erik ten Hag ក៏ដោយ

ខ្សែបម្រើប្រយុទ្ធ Donny van de Beek កំពុងស្វែងរកឱកាសឲ្យខ្លួនឯងក្នុងការផ្ទេរទៅលេងនៅក្លឹប Roma បើទោះបីជាពេលនេះ Erik ten Hag ដែលជាអតីតគ្រូបង្វឹករបស់ខ្លួន បានមកដឹកនាំនៅ Manchester United ក៏ដោយ។
ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ បានចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United ដោយផ្ទេរពី Ajax នៅរដូវក្តៅឆ្នាំ 2020 បន្ទាប់ពីទម្រង់លេងដ៏លេចធ្លោររបស់គាត់ ក្រោមការដឹកនាំរបស់លោក Erik ten Hag នៅ Amsterdam ។
ប៉ុន្តែក្រោយមកទៀត Van de Beek មានទម្រង់លេងធ្លាក់ចុះ និងមិនអាចប្រជែងជម្រើស 11 នាក់ដំបូងបាន គាត់ក៏ចាកចេញពី Old Trafford ទៅចូលរួមជាមួយ Everton ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនៅក្នុងខែមករា។
ការមកដល់របស់លោក Ten Hag ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្លឹបបិសាចក្រម Manchester United បាននាំឲ្យមានក្តីសង្ឃឹមជាថ្មីថា van de Beek នឹងទទួលបានឱកាសកាន់តែច្រើននៅលើទីលាននារដូវកាលក្រោយ។ ជាមួយនឹងការចាកចេញរបស់ Paul Pogba និង Nemanja Matic ក៏កាន់តែធ្វើឲ្យក្រុមមានកន្លែងទំនេរច្រើនផងដែរ សម្រាប់តម្រូវការខ្សែបម្រើ។
ទោះជាយ៉ាងណាក៏ដោយរបាយការណ៍ពី Corriere della Sera អះអាងថា Van de Beek បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាកចេញពីក្លឹប ហើយទៅចូលរួមជាមួយអតីតគ្រូបង្វឹកចាស់របស់បិសាចក្រហមគឺ លោក Jose Mourinho នៅ Roma។
ប្រភព: Metro