បាល់ទាត់អន្តរជាតិ
រឿងរ៉ាវនៅក្រោយរូបថតមួយសន្លឹកដែល Wojciech Szczesny ជក់បារីជាមួយប្រធានាធិបតីប៉ូឡូញ

កាលពីថ្ងៃទី 27 ខែសីហា កន្លងទៅ អ្នកចាំទីសញ្ជាតិប៉ូឡូញ Wojciech Szczesny បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់។ សម្រាប់អតីតកីឡាករឆ្នើមរូបនេះ មានរឿងមួយដែលវាមិនមែនជាអាថ៌កំបាំង និងត្រូវបានគេដឹងនៅក្នុងប្រទេសកំណើតរបស់គាត់ គឺគាត់ចូលចិត្តជក់បារី ហើយសូម្បីតែនៅជាអ្នកលេងបាល់ក៏ Wojciech Szczesny មិនផ្ដាច់បារីបានដែរ។
ទោះជាយ៉ាងណាក៏ដោយ Wojciech Szczesny មិនលាក់បាំង រឺខ្លាចក្នុងការបញ្ចេញពីរឿងនេះឡើយ ខណៈដែលថ្មីៗនេះក៏មានរូបភាពមួយសន្លឹកដែលបង្ហាញពីការជក់បារីរបស់គាត់ ជាមួយប្រធានាធិបតីប៉ូឡូញទៀតផង។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋលោក Andrzej Duda ទៅកាន់ទីតាំងនៃក្រុមជម្រើសជាតិ ប្រធានាធិបតីរូបនេះបានសួរប្រធានសហព័ន្ធថា តើមានបារីទេ គាត់ចង់ខ្ចីបារីជក់សិន។
សម្ដីនេះត្រូវបានលឺដោយ Wojciech Szczesny ហើយអ្នកចាំទីរូបនេះ ក៏បានប្រាប់ទៅប្រធានាធិបតីប៉ូឡូញ។ ទោះបីជាអាម៉ាស់បន្តិចក៏ដោយ Andrzej Duda បានទទួលបារីពីអ្នកចាំទីវ័យ 34 ឆ្នាំរូបនេះ ហើយជាហេតុធ្វើឲ្យមានរូបថតអ្នកទាំង 2 ជក់បារីក្នុងអំឡុងពេលនោះ។
ប្រភព: Dailysports