Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ត្រៀម​ចរចា បន្ត​កុងត្រា​ថ្មី​ដល់​​កីឡាករ​ឆ្នើម​រូប​នេះ

Published

on

ថ្នាក់​ដឹកនាំ​របស់​ក្លឹប​ហង្សក្រហម Liverpool បាន​ប្តេជ្ញា​ចិត្ត​រួច​ហើយ​ក្នុង​ការ​រក្សា​ទុក​តារា​ឆ្នើម​របស់​ពួកគេ​គឺ​កីឡាករ Mohamed Salah ដោយ​ចាត់​ទុក​ខ្សែ​ប្រយុទ្ធ​រូប​នេះ ជា​ផែនការ​ដែល​ត្រូវ​ពឹងផ្អែក​ជា​សំខាន់នា​ពេល​អនាគត។ យោងតាម​សារព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា Liverpool នឹង​ចាប់​ផ្តើម​ការ​ចរចា​ជាមួយ Mohamed Salah ពី​ការ​បន្ត​កុងត្រា​ថ្មី ក្នុង​ពេល​ឆាប់ៗ​នេះ។

ដោយ​ឡែក​កុងត្រា​បច្ចុប្បន្ន​របស់​គាត់ ជាមួយ​ក្លឹប​មាន​សុពលភាព​រហូត​ដល់​រដូវ​ក្តៅ​ឆ្នាំ 2025 ហើយ​ប្រសិន​បើ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​រូប​នេះ​មិន​បន្ត​កុងត្រា​ថ្មី​ទេ ច្បាស់​ណាស់​ថា គាត់​នឹង​ចាកចេញ​ពី​ក្លឹប​ដោយ​គ្មាន​តម្លៃ​ខ្លួន​នា​រដូវក្ដៅ​ឆ្នាំ​ក្រោយ។ ហង្សក្រហម ចង់​ផ្ដល់​ជូន Mohamed Salah ​នូវ​ការ​បន្ត​កុងត្រា​រយៈពេល 2 ឆ្នាំ ជាមួយ​នឹង​ជម្រើស​បន្ថែម​ចំនួន 1 ឆ្នាំ​ទៀត​ផង​ដែរ។

គេ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ខ្សែប្រយុទ្ធ​វ័យ 32 ឆ្នាំ​រូប​នេះ ពិត​ជា​មាន​បំណង​ចង់​បន្ត​ស្នាក់​នៅ​ក្លឹប​របស់​ខ្លួន​បន្ត​ទៀត និង​បើក​ចំហ​ចិត្ត​សម្រាប់​ការ​ពិភាក្សា​លើ​កុងត្រា​ថ្មី។ គួរ​រំលឹក​ផង​ដែរ​ថា នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ទាំង 3 លើក​នៃ​រដូវកាល​នេះ Mohamed Salah បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 3 គ្រាប់ និង Assists បាន 3 ដង​ផង​ដែរ ខណៈ​ដែល 1 គ្រាប់​ដែល​គាត់​ទើប​នឹង​រក​បាន​ថ្មីៗ​នេះ គឺ​ក្នុង​ការ​ប្រកួត​ជាមួយ​នឹង​បិសាចក្រហម Manchester United។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២