Connect with us

បាល់ទាត់អន្តរជាតិ

ប្រធាន​ក្លឹប Barcelona អះអាង​ថា Ilkay Gundogan ចង់​ចាកចេញ មិន​មែន​ក្លឹប​បង្ខំ​ឲ្យ​គាត់​ចេញ​នោះ​ទេ

Published

on

ប្រធាន​ក្លឹប Barcelona លោក Joan Laporta បាន​បញ្ជាក់​ថា Ilkay Gundogan ចង់​ចាកចេញ​ពី​​ក្លឹប​កាតាឡាន់​របស់​ខ្លួន ដើម្បី​ត្រឡប់​ទៅ Manchester City ដែល​ជា​អតីត​ក្លឹប​ចាស់​វិញ។ ប្រធាន​ក្លឹប​រូប​នេះ​បាន​និយាយ​ដោយ​សង្កត់​ធ្ងន់​ថា ការ​ចាកចេញ​របស់​ខ្សែបម្រើ​រូប​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​កីឡា​សុទ្ធសាធ ដែល​មិន​មែន​ជា​កាលៈទេសៈ​ណា​មួយ​ជម្រុញ​នោះ​ទេ។

គួរ​រំលឹក​ផង​ដែរ​ថា Ilkay Gundogan បាន​ចាកចេញ​ពី​ទ្រនំ​រយៈពេល 7 ឆ្នាំ​របស់​គាត់ Manchester City នៅ​រដូវក្តៅ​ឆ្នាំ 2023 ហើយ​បាន​ចូលរួម​ជាមួយ Barcelona លើ​ការ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន។ ខ្សែបម្រើ​វ័យ 33 ឆ្នាំ​រូបនេះ បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​ក្រោម​ការ​ដឹកនាំ​របស់​អតីត​គ្រូ​បង្វឹក​ចាស់ Xavi Hernandez ក្នុង​រដូវកាល​ឆ្នាំ 2023-2024 ដោយ​ស៊ុតបញ្ចូលទី​បាន 5 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 14 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 51 ប្រកួត។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ពេល​វេលា​របស់ Gundogan នៅ Camp Nou មាន​រយៈពេល​ត្រឹម​តែ 1 រដូវកាល​ប៉ុណ្ណោះ ហើយ​គាត់​បាន​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Man City វិញ ដោយ​ក្នុង​នាម​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន។ មាន​របាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា Gundogan ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ ដោយ​សារ​តែ​បញ្ហា​ហិរញ្ញវត្ថុ​របស់ Barcelona។

ផ្ទុយ​មក​វិញ ប្រធាន​ក្លឹប Barcelona លោក Joan Laporta បាន​លើក​ឡើង​ថា ការ​ចាកចេញ​របស់ Gundogan គឺ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ពិត​នៃ​គម្រោង​របស់​ក្លឹប មិន​ស្រប​តាម​គោលដៅ​ផ្ទាល់​ខ្លួន​របស់​គាត់​ប៉ុណ្ណោះ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃអង្គារ​ម្សិលមិញ Joan Laporta បាន​និយាយ​ថា៖ “Gundogan គឺ​ជា​កីឡាករ​ដ៏អស្ចារ្យ និង​ជា​បុគ្គល​ដ៏​ល្អ​ម្នាក់។ ឆ្នាំ​ដែល​យើង​ចំណាយ​ពេល​ជាមួយ​គាត់ គាត់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ពី​អ្វី​ដែល​គាត់​ចង់​បាន។ ប៉ុន្តែ​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ Hansi Flick និង​វាយ​តម្លៃ​ពី​ស្ថានភាព​របស់​ក្រុម គាត់​បាន​សម្រេច​ចិត្ត​ថា គាត់​ចង់​ចាកចេញ”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២