បាល់ទាត់អន្តរជាតិ
តើអ្នកណានឹងពាក់លេខអាវរបស់ Messi និង Di Maria ពេលលេងតទល់នឹង ឈីលី ព្រឹកស្អែកនេះ?
ជាមួយនឹងការសម្រាកប្រកួតបាល់ទាត់កម្រិតក្លឹប ការប្រកួតរបស់ក្រុមជម្រើសជាតិក៏ចាប់ផ្ដើម ហើយអាហ្សង់ទីនក៏ដូចគ្នា ដោយពួកគេនឹងត្រូវប្រកួតវគ្គជម្រុះ World Cup 2026 ចំនួន 2 នាដើមខែនេះ។ អាហ្សង់ទីន នឹងត្រូវប៉ះជាមួយប្រទេស ឈីលី នៅម៉ោង 7:00 ព្រឹកស្អែក (ម៉ោងនៅកម្ពុជា) ហើយប្រកួតបន្ទាប់ត្រូវជួបជាមួយ កូឡុំប៊ី នៅថ្ងៃទី 11 ខែកញ្ញា។

លោក Lionel Scaloni ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន បានពិភាក្សាអំពីទម្រង់លេងសម្រាប់ក្រុមរបស់គាត់ ដោយគ្មានវត្តមានរបស់ Lionel Messi ដែលបច្ចុប្បន្នកំពុងរងរបួស និង Angel Di Maria ដែលបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។ គ្រូបង្វឹករូបនេះបាននិយាយពីលេខអាវដែលកីឡាករនឹងត្រូវពាក់ផងដែរ។

មុនការប្រកួតមកដល់ Lionel Scaloni បាននិយាយថា៖ “នៅពេលដែល Messi អវត្តមាន Angel Correa បានពាក់លេខរបស់គាត់។ លេខ 10 មានម្ចាស់ ដែលកីឡាករណាពាក់នោះវាមិនមែនជាបញ្ហាទេ។ លេខដែលគ្មានម្ចាស់ ឥឡូវនេះគឺលេខ 11។ យើងកំពុងគិតថា តើអ្នកណាគួរយកវា”។

ប្រភព: Dailysports
