បាល់ទាត់អន្តរជាតិ
Valencia កំពុងពិចារណាបញ្ចប់កុងត្រាជាមួយ Rafa Mir បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះត្រូវបានប៉ូលីសចាប់ខ្លួន
ខ្សែប្រយុទ្ធសំខាន់ម្នាក់របស់ក្លឹប Valencia គឺកីឡាករ Rafa Mir កំពុងស្ថិតក្នុងរឿងអាស្រូវដ៏ធំមួយ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានប៉ូលីសចាប់ខ្លួនពីបទរំលោភសេពសន្ថវៈ។ យោងតាមរបាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា Rafa Mir នឹងខកខានមិនបានហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់ខ្លួន ដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នេះទេ។

ទន្ទឹមនឹងនេះដែរ ក្នុងអំឡុងពេលសម្រាកពីការប្រកួតមួយរយៈពេលធំ ជិតកន្លះខែនេះ Valencia នឹងមានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើការស៊ើបអង្កេតផ្ទៃក្នុងរបស់ខ្លួន ដើម្បីសម្រេចចិត្តចាត់វិធានការណាមួយលើអនាគតរបស់ Rafa Mir។ ខ្សែប្រយុទ្ធវ័យ 27 ឆ្នាំរូបនេះទើបតែបានចូលរួមជាមួយ Valencia ក្នុងលក្ខខណ្ឌខ្ចីជើងពី Sevilla ប៉ុណ្ណោះ ហើយបើស្ថានភាពមិនសមប្រកបទេ Valencia អាចនឹងបញ្ចប់លក្ខខណ្ឌជាមួយ Rafa Mir ហើយបញ្ជូនគេឲ្យទៅក្លឹបចាស់វិញ។

គួររំលឹកផងដែរថា បទល្មើសរបស់ Rafa Mir ដែលត្រូវបានគេចោទប្រកាន់នោះបានកើតឡើងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្នុងអំឡុងពិធីជប់លៀងមួយនៅផ្ទះរបស់ Rafa Mir ដែលមានស្ត្រី 2 នាក់អាយុក្បែរ 25 ឆ្នាំ ជាជនរងគ្រោះបានរាយការណ៍ប្រាប់ប៉ូលីស និងសុំចូលពេទ្យពិនិត្យសុខភាពទៀតផង បន្ទាប់ពីកើតហេតុ។

ប្រភព: Dailysports
