បាល់ទាត់អន្តរជាតិ
Aymeric Laporte ប្រាប់ថា ខ្លួនចង់ចាកចេញពីទឹកដីអារ៉ាប៊ីសាអូឌីត

តារាឆ្នើមនៃក្រុមជម្រើសជាតិអេស្ប៉ាញ គឺខ្សែការពារ Aymeric Laporte របស់ក្លឹប Al-Nassr បានចូលរួមក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត UEFA Nations League របស់អេស្ប៉ាញទល់នឹងស្វីស ហើយក្នុងចំណោមប្រធានបទផ្សេងៗ កីឡាកររូបនេះក៏បានបកស្រាយពីពាក្យចចាមអារ៉ាមកន្លងមកដែលថា ក្លឹប Real Madrid ចង់ចុះហត្ថលេខាលើគាត់ផងដែរ។
យ៉ាងណាមិញ Aymeric Laporte បានបដិសេធថា ខ្លួនមិនបានទទួលការចាប់អារម្មណ៍ពី Real Madrid ទេ ប៉ុន្តែគាត់បាននិយាយបន្ថែមថា គាត់ពិតជាចង់វិលត្រឡប់ទៅលេងបាល់ទាត់នៅតំបន់អឺរ៉ុបវិញនាពេលអនាគត។ គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ 2023 មកដល់បច្ចុប្បន្ន Aymeric Laporte បានរស់នៅក្នុងទ្រនំជាមួយក្លឹប Al-Nassr របស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីបានចាកចេញពីក្លឹប Manchester City។
ខ្សែការពារកណ្ដាលវ័យ 30 ឆ្នាំរូបនេះបាននិយាយថា៖ “គ្មានការទាក់ទងពីក្លឹបណាទេ។ នៅប្រទេសអារ៉ាប៊ីសាអូឌីត ខ្ញុំនៅឆ្ងាយពីគ្រួសាររបស់ខ្ញុំ និងអ្នកដែលធ្លាប់នៅជុំវិញខ្លួនខ្ញុំ។ ប្រហែលជាពេលអនាគត វានឹងល្អបំផុត បើអាចត្រឡប់ទៅលេងបាល់ទាត់នៅតំបន់អឺរ៉ុបវិញ…”។
ប្រភព: Dailysports