បាល់ទាត់អន្តរជាតិ
AC Milan បំបែកកំណត់ត្រាដែលលេងមិនឈ្នះ Inter Milan រយៈពេល 2 ឆ្នាំចុងក្រោយ
នៅក្នុងការប្រកួតជុំទី 5 នៃក្របខណ្ឌកំពូលរបស់អ៊ីតាលី Serie A កាលពីរំលងអាធ្រាតយប់មិញជាការប្រកួតដ៏ពិសេសដែលមានឈ្មោះថា Milan Derby។ ការប្រកួតនេះពិតជាមានភាពអស្ចារ្យ និងតានតឹង តែជាចុងក្រោយក្រុមម្ចាស់ផ្ទះ Inter Milan បានចាញ់ AC Milan ដោយលទ្ធផល 2-1។
ងាកមកមើលការប្រកួតរវាងក្រុមខ្លាំងទាំង 2 ដំបូងឡើយខ្សែប្រយុទ្ធឆ្នើម Alvaro Morata បានខកខានឱកាសដ៏ល្អក្នុងការរកគ្រាប់បាល់ ប៉ុន្តែប៉ុន្មាននាទីក្រោយមកនៅនាទីទី 10 ក៏ Christian Pulisic បានស៊ុតបញ្ចូលទីគ្រាប់បាល់បើកឆាក។ បន្តមកទៀតនៅនាទីទី 27 ក្រុមម្ចាស់ផ្ទះ Inter Milan បានតាមស្មើវិញ ដែលជាការស៊ុតបញ្ចូលទីរបស់ Dimarco។
ក្នុងតង់ទី 2 ក្រុមទាំង 2 មានទម្រង់សម្រុកប្រហាក់ប្រហែលគ្នា ប៉ុន្តែនៅចុងតង់នាទីទី 89 ក៏មានការស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយ ពីសំណាក់ខ្សែបម្រើការពារ Matteo Gabbia។ ជោគជ័យនេះដែរ AC Milan បានបញ្ចប់ការចាញ់ 6 ប្រកួតជាប់ៗគ្នារបស់ពួកគេទល់នឹង Inter Milan។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា មិនទាន់មានក្រុមណាដែលឈ្នះការប្រកួតចំនួន 7 ដង ជាប់ៗគ្នាក្នុងប្រវត្តិសាស្ត្រនៃការប្រកួត Milan Derby នោះឡើយ។
ប្រភព: Dailysports


