Connect with us

បាល់ទាត់អន្តរជាតិ

កីឡាករ 5 រូប​ដែល​គួរ​តែ​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ដើម្បី​ឲ្យ​ទម្រង់​លេង​ប្រសើរ​ឡើង​វិញ

Published

on

យុទ្ធនាការ​ឆ្នាំ 2021-22 ទើប​តែ​នឹង​បញ្ចប់ ដោយ​យើង​បាន​ឃើញ​កីឡាករ​ជាច្រើន​បាន​មាន​ភាព​លេច​ធ្លោរ​នៅ​ក្លឹប​របស់​ខ្លួន ខណៈ​ពេល​ដែល​មាន​កីឡាករ​មួយ​ចំនួន​កំពុង​មាន​ទម្រង់​លេង​ធ្លាក់​ចុះ និង​មិន​មាន​ឱកាស​ចូល​លេង​ផងដែរ។

ជាងនេះ​ទៅ​ទៀត មាន​កីឡាករ​ជាច្រើន​នៅ​ក្លឹបធំៗ បាន​ចូល​លេង​តិចតួច​បំផុត​សម្រាប់​ក្រុម​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ពួក​គេ​កាន់​តែ​ធ្លាក់​ចុះ​ខ្លាំង។

ទាក់ទង​នឹង​រឿង​នេះ​ដែរ សូម​ក្រឡេក​មើល​កីឡាករ​ចំនួន 5 នាក់​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប ដែល​ត្រូវ​ការ​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ពួកគេ ដើម្បី​ស្តារ​អាជីព​បាល់ទាត់​របស់​ខ្លួន​ឲ្យ​ប្រសើរ​ឡើង​វិញ។

5. Marco Asensio

នៅ​ពេល​ដែល Cristiano Ronaldo បាន​ចាកចេញ​នៅ​ឆ្នាំ 2018 កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Marco Asensio ត្រូវ​បាន​គេ​គិត​ថា នឹង​អាច​បំពេញ​ចំណុច​ខ្វះខាត​នៃ​ការ​បាត់បង់ Cristiano Ronaldo បាន។ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ​មាន​តែ Karim Benzema ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ ខណៈដែល Vinicius Jr និង Rodrygo កំពុង​ឡើង​ជើង​ខ្លាំង។ វា​ជា​ហេតុ​ធ្វើ​ឲ្យ Marco Asensio កាន់​តែ​បាត់បង់​ឱកាស​បង្ហាញ​សមត្ថភាព​សម្រាប់​ក្លឹប។

4. Clement Lenglet

ខ្សែការពារ Clement Lenglet បាន​មក​ដល់ Barcelona ដោយ​ផ្ទេរ​ពី Sevilla នៅ​រដូវក្តៅ​ឆ្នាំ 2018។ បន្ទាប់​ពី​ការ​ផ្ទេរ Lenglet មាន​ទម្រង់​លេង​ដ៏​លេច​ធ្លោរ​សម្រាប់​ក្លឹប។ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ គាត់​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ខ្លាំង និង​តែងតែ​បង្ក​កំហុស​នៅ​ក្នុង​ការ​ប្រកួត។ គាត់​កាន់​តែ​អស់​ឱកាស​លេង ព្រោះ​ក្លឹប Barcelona កំពុង​ព្យាយាម​នាំ​យក Kalidou Koulibaly និង Jules Kounde។

3. Tanguy Ndombele

ក្លឹប​មាន់ខ្នាយ​មាស Tottenham Hotspur បាន​ឲ្យ Ndombele ខ្ចី​ជើង​ទៅ​កាន់ Olympique Lyon ហើយ​ឥឡូវ​នេះ​គាត់​នឹង​ត្រូវ​ត្រឡប់​មក​ក្លឹប​ចាស់​វិញ ខណៈ​ដែល Olympique Lyon មិន​ទិញ​ផ្ដាច់​កុងត្រា​របស់​គាត់​ឡើយ។ Ndombele នឹង​ត្រូវ​ប្រជែង​តំណែង​ជា​មួយ​ខ្សែបម្រើ​ជា​ច្រើន​នៅ​ក្នុង​ក្លឹប Tottenham Hotspur ដែល​សុទ្ធ​សឹង​តែ​មាន​សមត្ថភាព​ល្អ​ប្រសើរ​ជាង​គាត់។

2. Luka Jovic

ដំបូង​ឡើយ អ្នក​គាំទ្រ​ពិត​ជា​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​សម្រាប់​វត្ត​មាន​របស់ Luka Jovic ហើយ​រំពឹង​ទុក​ថា គាត់​អាច​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​លេច​ធ្លោរ​សម្រាប់​ក្លឹប Real Madrid បន្ទាប់​ពី​ការ​បង្ហាញ​សម្ថភាព​របស់​គាត់​បាន​ល្អ​បំផុត​ជា​មួយ Eintracht Frankfurt។

យ៉ាង​ណា អ្វីៗ​មិន​ដូច​ជា​ការ​រំពឹង​ទុក​ឡើយ ព្រោះ​ក្លឹប Real Madrid នៅ​តែ​ត្រូវ​ប្រើប្រាស់ Karim Benzema ហើយ Luka Jovic បាន​ចូល​លេង​តិចតួច​បំផុត។ សមត្ថភាព​របស់​គាត់​គឺ​ខុស​គ្នា​ឆ្ងាយ​ពី Benzema បើ​ទោះ​បី​ជា Benzema មាន​វ័យ​ចាស់​ជាង​គាត់​រហូត​ដល់ 10 ឆ្នាំ​ក៏ដោយ។

1. Aaron Wan-Bissaka

គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល 3 ឆ្នាំ​ហើយ​ចាប់​តាំង​ពី​ក្លឹប​បិសាចក្រហម Manchester United បាន​ចំណាយ​ប្រាក់ 50 លានផោន ដើម្បី​ផ្ទេរ Aaron Wan-Bissaka ពី Crystal Palace។ ដំបូង​ឡើយ Wan-Bissaka មាន​ទម្រង់​លេង​លេច​ធ្លោរ​ខ្លាំង បូក​រួម​ជា​មួយ​ល្បឿន​នៃ​ការ​រត់​របស់​គាត់ដែល​លេង​តំណែង​ជា​ខ្សែការពារ​ស្លាប។ ប៉ុន្តែ​រដូវកាល​ចុងក្រោយ​នេះ គាត់​បាន​បង្ហាញ​ខ្លួន​តិច​តួច​បំផុត ហើយ​ក្លឹប​ប្រើប្រាស់ Diogo Dalot ជំនួស​វិញ។ វត្តមាន​គ្រូ​បង្វឹក​ថ្មី​លោក Erik Ten Hag ក៏​ពេញ​ចិត្ត​នឹង​ប្រើប្រាស់ Diogo Dalot ក្នុង​ការ​ដឹកនាំ​របស់​ខ្លួន​ដែរ។ ដូច្នេះ Aaron Wan-Bissaka គួរ​តែ​ចាកចេញ​ទៅ​ក្លឹប​ផ្សេង ប្រសិន​បើ​គាត់​ចង់​មាន​ឱកាស​លេង​ច្រើន។

ប្រភព: Aallfootballapp

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២