បាល់ទាត់អន្តរជាតិ
Joao Pedro កំពុងទាកទាញចំណាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួននៅ PL
ខ្សែប្រយុទ្ធរបស់ក្លឹប Brighton គឺកីឡាករ Joao Pedro ត្រូវបានគេរាយការណ៍ថា កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួននៅលីគកំពូលនៃប្រទេសអង់គ្លេស (Premier League) ខណៈដែលគេបានសន្និដ្ឋានផងដែរថា គាត់អាចនឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននារដូវក្ដៅឆ្នាំ 2025។

កីឡាករវ័យ 23 ឆ្នាំរូបនេះ បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនរហូតក្លាយជាកីឡាករឆ្នើម និងដើរតួយ៉ាងសំខាន់សម្រាប់ក្រុមរបស់ខ្លួន គិតចាប់តាំងពីគាត់បានផ្ទេរមក Brighton ពីអតីតក្លឹបចាស់ Watford ក្នុងតម្លៃដែលក្លឹបមួយនេះហ៊ានចាយច្រើនបំផុតរហូតដល់ 30 លានផោន កាលពីរដូវក្ដៅឆ្នាំ 2023។
គិតមកទល់នឹងពេលនេះ Joao Pedro បានស៊ុតបញ្ចូលទីសរុបបាន 20 គ្រាប់ ក្នុងការបង្ហាញខ្លួន 40 ប្រកួតសម្រាប់ Brighton។ ទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍របស់ Joao Pedro ត្រូវបានគេមើលឃើញថា ធ្វើឲ្យក្លឹបកំពូលៗមួយចំនួនរបស់អង់គ្លេសចង់បាន។ របាយការណ៍ថ្មីៗចុងក្រោយនេះ បានបង្ហាញថា Liverpool ក៏ចង់ផ្ទេរកីឡាករសញ្ជាតិប្រេស៊ីលរូបនេះដែរ។

ទន្ទឹមនឹងនេះ Arsenal ក៏ត្រូវបានគេអះអាងថា ត្រៀមចូលរួមក្នុងការប្រជែងយក Pedro ដែរ ខណៈដែលសារព័ត៌មានប្រេស៊ីល UOL ក៏បានបង្ហាញឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ក៏ចាប់អារម្មណ៍លើកីឡាករវ័យក្មេងរូបនេះដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ គេគិតថា មានតែ Liverpool ប៉ុណ្ណោះដែលអាចមានឱកាសខ្ពស់ ក្នុងការចុះហត្ថលេខាលើ Joao Pedro បានសម្រេច។

ប្រភព: Sportsmole
