បាល់ទាត់អន្តរជាតិ
នាយកប្រតិបត្តិរបស់ក្លឹប Al-Hilal បដិសេធថា មិនបានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Cristiano Ronaldo នោះឡើយ!
តារាឆ្នើម Cristiano Ronaldo នៅមិនទាន់បានឈ្នះពានធំដុំណាមួយជាមួយក្លឹប Al-Nassr នៅឡើយទេ ខណៈដែលមានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានលើកឡើងថា ខ្សែប្រយុទ្ធឆ្នើមរូបនេះអាចនឹងផ្លាស់ទៅចូលរួមជាមួយក្លឹប Al-Hilal ដែលជាក្លឹបម្ចាស់ជើងឯកលីគ (Saudi Pro League) កាលពីរដូវកាលមុន និងជាក្លឹបដែលមានកៅអីលេង Club World Cup នៅឆ្នាំក្រោយផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងទាំងនោះ គ្រាន់តែជាពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានច្បាស់លាស់ប៉ុណ្ណោះ។ ថ្មីៗនេះនាយកប្រតិបត្តិរបស់ក្លឹប Al-Hilal គឺលោក Esteve Calzada បានច្រានចោលទាំងស្រុង ទាក់ទងនឹងរបាយការណ៍ដែលអះអាងថា ក្លឹបរបស់លោកមានចំណាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើ Cristiano Ronaldo។
Esteve Calzada បាននិយាយថា៖ «រឿងនេះស្តាប់ទៅដូចជាការប្រឌិតបែបស្រមើស្រមៃ។ Cristiano Ronaldo មិនមែនជាកីឡាកររបស់យើងទេ ដូច្នេះវាពិបាកក្នុងការបរិយាយឲ្យច្បាស់ទក់ទងនឹងរឿងនេះ។ គាត់មិនមែនជាកីឡាករផុតកុងត្រា ហើយការចរចាចុះហត្ថលេខាលើគាត់ គឺមិនសមហេតុផលទេ»។
ប្រភព: Dailysports


