បាល់ទាត់អន្តរជាតិ
Barcelona បញ្ជាក់ពីតម្លៃលក់ខ្សែការពារ Clement Lenglet ទៅឲ្យ Atletico Madrid
ក្លឹបអ្នកមានបុណ្យ Barcelona បានបញ្ជាក់យ៉ាងច្បាស់ៗថា ពួកគេនឹងចែកផ្លូវគ្នាជាមួយ Clement Lenglet ក្នុងតម្លៃលក់ខ្សែការពាររូបនេះចន្លោះពី 15 ទៅ 20 លានអឺរ៉ូ។ កីឡាករសញ្ជាតិសញ្ជាតិបារាំងរូបនេះ បច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Atletico Madrid និងបានបង្ហាញពីទម្រង់លេងដ៏ល្អ ដោយក្លាយជាជម្រើសដ៏សំខាន់ក្រោមការដឹកនាំរបស់លោក Diego Simeone។

ជាមួយនឹងទម្រង់លេង Clement Lenglet កាន់តែល្អនោះ បានធ្វើឲ្យ Atletico Madrid ចាប់អារម្មណ៍ត្រៀមទិញផ្ដាច់កុងត្រារបស់គាត់នៅរដូវក្តៅឆ្នាំ 2025។ កីឡាករវ័យ 29 ឆ្នាំរូបនេះបានកាន់កាប់តំណែងជាខ្សែការពារកណ្ដាលដ៏សំខាន់របស់ Atletico Madrid នៅរដូវកាលនេះ ខណៈដែលប៉ុន្មានរដូវកាលមុន គាត់ត្រូវបាន Barcelona ដាក់ឲ្យខ្ចីជើងជាបន្តបន្ទាប់នៅក្លឹបក្នុងក្របខណ្ឌ Premier League។

គិតចាប់តាំងពីបានចូលរួមជាមួយ Atletico Madrid ខ្សែការពារកណ្តាលរូបនេះបានលេងលើសពី 1,000 នាទី។ ទោះជាយ៉ាងណាក៏ដោយសម្រាប់ Barcelona ពួកគេនៅតែមានគោលជំហរក្នុងការលក់ Clement Lenglet ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម ហើយគេក៏មិនស្ថិតក្នុងគម្រោងនៃការនាំយកមកទឹកដី Camp Nou ដើម្បីប្រើប្រាស់វិញនោះដែរ ព្រោះជម្រើសសម្រាប់ខ្សែការពាររបស់លោក Hansi Flick មានគ្រប់គ្រាន់ហើយ។

ប្រភព: Fichajes
