បាល់ទាត់អន្តរជាតិ
PSG ប្រឈមនឹងហានិភ័យនៃការពិន័យមិនឲ្យលេងនៅ UEFA Champions League ដោយសារតែជម្លោះជាមួយ Kylian Mbappe

ទីបំផុត Kylian Mbappe ដែលជាតារាឆ្នើមរបស់ក្លឹប PSG បានចាកចេញមកចូលរួមជាមួយក្លឹប Real Madrid កាលពីដើមរដូវកាលនេះ ប៉ុន្តែអ្វីៗមិនបានដំណើរការទៅដោយរលូនតាមការគ្រោងទុកនោះទេ ជាពិសេសកីឡាករសញ្ជាតិបារាំងរូបនេះបានកើតមានជម្លោះប្ដឹងតទល់គ្នាជាមួយក្លឹប PSG ថែមទៀតផង។
Kylian Mbappe នៅតែបន្តទាមទារប្រាក់ពលកម្មដែល PSG បានជំពាក់គាត់ ដែលនោះជាប្រាក់ដែលក្លឹប PSG បានសន្យាពាក្យសម្ដីជាមួយគាត់។ ទាំងស្ថាប័នបាល់ទាត់របស់ Ligue 1 និង LFP របស់បារាំង បានសម្រេចចិត្តឲ្យ Mbappe ឈ្នះក្ដី និងតម្រូវឲ្យក្លឹប PSG ត្រូវបង់ប្រាក់ 55.4 លានអឺរ៉ូទៅឲ្យគាត់ ដោយអាចបង់ជាដំណាក់កាលពី ខែមេសា, ឧសភា និងមិថុនា។
ទោះបីជាយ៉ាងណា PSG នៅតែបន្តបដិសេធមិនព្រមបង់ប្រាក់ឲ្យអតីតខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ ខណៈដែលរបាយការណ៍ពី Sport បានអះអាងថា ជាមួយនឹងរឿងរ៉ាវនេះ PSG បានរងការពិន័យពី UEFA ដោយសារលក្ខខណ្ឌមួយនៃបទប្បញ្ញត្តិរបស់ពួកគេគឺក្លឹបមិនត្រូវជំពាក់បំណុលដល់បុគ្គលិក រឺកីឡាកររបស់ខ្លួនឡើយ។ UEFA អាចសម្រេចដាក់ទណ្ឌកម្ម PSG ជាការពិន័យប្រាក់ រឺព្យួរពីការប្រកួតតែម្ដង។
ប្រភព: Yahoo Sports