បាល់ទាត់អន្តរជាតិ
ក្រុមចាញ់ តែ Mbappe បានបង្កើតកំណត់ត្រាមួយសម្រាប់ខ្លួនឯង

ក្លឹបអធិរាជស Real Madrid និង Barcelona កាលពីរំលងអាធ្រាតយប់មិញនេះ បានប៉ះគ្នានៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Super Cup របស់អេស្ប៉ាញ។ បន្ទាប់ពីការផ្លុំកញ្ចែចាប់ផ្ដើមប្រកួតភ្លាម Barcelona គ្រប់គ្រងការប្រកួតបានយ៉ាងល្អ និងទទួលបានឱកាសស៊ុត 2 ដងក្នុងប៉ុន្មាននាទីដំបូង តែត្រូវបាន Thibaut Courtois ជួយសង្គ្រោះបាន។
ទោះជាយ៉ាងណា នៅនាទីទី 5 ក្នុងអំឡុងពេល Barcelona ទាត់បាល់ជ្រុង ពួកគេបានភ្លាត់ឲ្យ Real Madrid វាយកបកយ៉ាងលឿន ហើយពេលនោះ Vinicius Jr បានបញ្ជូនបាល់ទៅឲ្យ Mbappe ស៊ុតបានសម្រេច រំលងផុតអ្នកចាំទី Wojciech Szczesny ដែលនោះជាគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួត។
ថ្វីបើបែបនេះក៏ដោយ ជាចុងក្រោយលទ្ធផលបន្ទាប់ពីចប់ការប្រកួត Real Madrid បានចាញ់ Barcelona យ៉ាងធ្ងន់កររហូតដល់ 2 ទល់នឹង 5។ ទោះជាយ៉ាងណា អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគ្រាប់បាល់របស់ Mbappe ដោយវាជាគ្រាប់បាល់ដំបូងរបស់គាត់ក្នុងការប្រកួត El Clasico។
ប្រភព: Dailysports