បាល់ទាត់អន្តរជាតិ
Carlo Ancelotti ចង់ឲ្យក្លឹបចុះហត្ថលេខាលើ Alexander-Arnold ក្នុងខែមករានេះ
បន្ទាប់ពីរបួសធ្ងន់ធ្ងររបស់ Dani Carvajal ទីតាំងតំបន់ខ្សែការពារស្តាំបានក្លាយជាបញ្ហាចោទសំខាន់បំផុតសម្រាប់ Real Madrid។ ទន្ទឹមនឹងនេះដែរលោក Carlo Ancelotti ក៏អន្ទះសារចង់ដោះស្រាយបញ្ហានេះឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើបាន ហើយពួកគេក៏មានគោលដៅលើកីឡាករដែលខ្លួនចង់បានរួចហើយ។
យោងតាមរបាយការណ៍ពី Relevo បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹប Real Madrid នៅតែសង្ឃឹមថា Liverpool នឹងពិចារណាឡើងវិញម្ដងទៀត ហើយយល់ព្រមលក់ Trent Alexander-Arnold នៅខែមករា ខាងមុខនេះមកឲ្យពួកគេ។ លោក Carlo Ancelotti មិនចាប់អារម្មណ៍លើបេក្ខភាពខ្សែការពារណាផ្សេងទៀត ក្រៅពី Alexander-Arnold នោះឡើយ។
កុងត្រាបច្ចុប្បន្នរបស់ខ្សែការពារស្ដាំរូបនេះ នឹងផុតកំណត់នៅខែមិថុនា ចុងរដូវកាលខាងមុខ ហើយប្រសិនបើ Alexander-Arnold មិនព្រមព្រៀងបន្តកុងត្រាថ្មីជាមួយក្លឹបទេនោះ ច្បាស់ណាស់គាត់នឹងចាកចេញក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។ ទោះជាយ៉ាងណា បើ Real Madrid ចាំមិនបានទេ ហើយចង់បានគាត់នាខែមករា ដើមឆ្នាំនេះ នោះពួកគេនឹងត្រូវចំណាយប្រាក់តាមដែល Liverpool ចង់បាន។
ប្រភព: Dailysports


