បាល់ទាត់អន្តរជាតិ
Arsenal កំពុងរកវិធីចុះហត្ថលេខាលើខ្សែប្រយុទ្ធមួយរូបរបស់ក្លឹប RB Leipzig
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាដាក់សំណើរដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប RB Leipzig គឺកីឡាករ Benjamin Sesko នៅក្នុងអំឡុងដើមឆ្នាំនេះ។ យ៉ាងណាមិញ បច្ចុប្បន្នក្លឹបកាំភ្លើងធំ ពិតជាខ្វះខាតនូវជម្រើសខ្សែប្រយុទ្ធដែលមានគុណភាពល្អប្រសើរ បន្ទាប់ពី Gabriel Jesus បានរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីការប្រកួតដែលពួកគេចាញ់ Man United ក្នុងក្របខណ្ឌ FA Cup កាលពីថ្ងៃអាទិត្យមុន។
ជាលទ្ធផល គ្រូបង្វឹករបស់ Arsenal លោក Mikel Arteta មានជម្រើសតែ Kai Havertz ម្នាក់ប៉ុណ្ណោះ ដែលលេងជាខ្សែប្រយុទ្ធកណ្ដាល។ របាយការណ៍ថ្មីៗនេះបានអះអាងថា Mikel Arteta បានឲ្យក្លឹបរបស់ខ្លួន រៀបចំផែនការផ្ទេរមួយនាខែមករានេះ ដោយគាត់ចង់បាន Viktor Gyokeres ដែលជាខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំងរបស់ក្លឹប Sporting Lisbon។
របាយការណ៍ដដែលនេះដែរ បានបន្ថែមឲ្យដឹងទៀតថា Arsenal ក៏ផ្សារភ្ជាប់នឹងការចង់បានកីឡាករឆ្នើមម្នាក់ទៀតដែរដែលជាកីឡាកររបស់ក្លឹប RB Leipzig គឺ Benjamin Sesko។ ផ្សេងពីនេះដែរ របាយការណ៍ពី The Sun បានរាយការណ៍ថា Arsenal កំពុងថ្លឹងថ្លែងមើលថា តើត្រូវលួងលោមក្លឹប RB Leipzig បែបណា ទើបអាចឲ្យពួកគេទិញយក Benjamin Sesko បានសម្រេចនៅមុនពេលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី 3 ខែកុម្ភៈ ខាងមុខ។
ប្រភព: Dailysports


