បាល់ទាត់អន្តរជាតិ
ប្រធានសហព័ន្ធបាល់ទាត់បារាំងប្រាប់ថា Mbappe ធ្លាប់ចង់ដើរចេញពីក្រុមជម្រើសជាតិ

ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង ហៅកាត់ថា FFF លោក Noel Le Graet បានបង្ហើបថា Kylian Mbappe បានត្រៀមខ្លួនរួចជាស្រេចក្នុងការដើរចេញពីក្រុមជម្រើសជាតិ បន្ទាប់ពីរូបគេបានទាត់បាល់ប៉េណាល់ទីមិនចូលជាមួយក្រុមជម្រើសជាតិស្វីស ក្នុងព្រឹត្តិការណ៍ Euro 2020 កន្លងទៅ។
មួយគ្រាប់ដែលខកខានប៉េណាល់ទីមិនចូលរបស់ Kylian Mbappe បានធ្វើឲ្យក្រុមជម្រើសជាតិបារាំងធ្លាក់ចេញពីការប្រកួត។
ពេលនោះកីឡាករវ័យ 23 ឆ្នាំបានក្លាយជាគោលដៅនៃការរិះគន់ និងកំហឹងយ៉ាងខ្លាំងពីអ្នកគាំទ្រ ដែលស្ទើរតែធ្វើឲ្យគាត់សុខចិត្តបោះបង់ការលេងឲ្យក្រុមជម្រើសជាតិបារាំង។
លោក Le Graet បានប្រាប់កាសែត Le Journal du Dimanche ថា “ខ្ញុំបានជួបគាត់បន្ទាប់ពី Euros គាត់មានអារម្មណ៍ថាសហព័ន្ធមិនបានការពារគាត់បន្ទាប់ពីរឿងរ៉ាវបានកើតឡើង និងការរិះគន់នៅលើបណ្តាញសង្គម”។
Le Graet បានបន្ថែមទៀតថា “យើងបានជួបគ្នាប្រាំនាទីនៅក្នុងការិយាល័យរបស់ខ្ញុំ។ គាត់ខឹង គាត់មិនចង់លេងឲ្យក្រុមបារាំងទៀតទេ ដែលគាត់ច្បាស់ជាមិនចង់បានអ្វីៗបន្តទៀតឡើយ។…”
ដោយឡែកគិតមកទល់នឹងពេលនេះ Kylian Mbappe បានបង្ហាញខ្លួនក្នុងការប្រកួតសរុប 57 ប្រកួតហើយសម្រាប់ក្រុមជម្រើសជាតិបារាំង ដោយស៊ុតបញ្ចូលទីសរុបបាន 27 គ្រាប់។
ប្រភព: Dailypost