Sports
Barcelona ធ្លាប់ចាញ់ Benfica នៅវគ្គ Final UCL

អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថា Benfica ក៏ធ្លាប់ជាម្ចាស់ពានរង្វាន់ UCL ផងដែរ ដែលពួកគេបានឈ្នះជាប់ៗគ្នាដល់ទៅ ២ឆ្នាំទៀតផង ប៉ុន្តែឆ្នាំដែលពួកគេបានឈ្នះ បើរាប់មកដល់ពេលនេះមានរយៈពេលយូរខ្លាំង គឺតាំងពីជំនាន់ដូនតាឯណោះ គឺពួកគេបានឈ្នះ នៅឆ្នាំ 1960/61 និង 1961/62 គិតទៅគឺជាង ហុកសិបឆ្នាំកន្លងទៅហើយ។ កាលនោះគឺជារជ្ជកាលមាសរបស់ Benfica ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺពាន UCL ដំបូងរបស់ពួកគេ នៅឆ្នាំ 1961 ពួកគេបានយកឈ្នះ Barcelona នៅវគ្គផ្តាច់ព្រាត់ ដោយលទ្ធផល 3 ទល់នឹង 2។
បច្ចុប្បន្ន Benfica ដែលជាក្លឹបមួយនៅលីកកំពូលរបស់ ព័រទុយហ្គាល់ មិនសូវលេចធ្លោប៉ុន្មានទេ ប៉ុន្តែក៏មិនអាចមើលរំលងបានដែរ។ ក្រុមដែលអាចឡើងមកដល់វគ្គ 16ក្រុមចុងក្រោយឆ្នាំនេះ សុទ្ធតែជាក្រុមឆ្នើមហើយ។
Benfica បានភ្លាត់ចាញ់ Barcelona នៅជើងទី1 ក្នុងដីរបស់ខ្លួន ដោយរបូតគ្រាប់បាល់ ១គ្រាប់ ខណៈលេងតទល់ជាមួយ Barcelona ដែលមានគ្នាតែ 10នាក់ប៉ុណ្ណោះ។ សម្រាប់ជើងទី2 នេះ វាជារឿងពិបាកមួយ ដែលពួកគេត្រូវការគ្រាប់បាល់ជាចាំបាច់ដើម្បីបន្តសង្ឃឹមរបស់ពួកគេ។ វាមិនមែនជារឿងងាយស្រួលប៉ុន្មានទេក្នុងការយកឈ្នះ Barcelona នៅក្នុងដី ព្រោះពេលនេះ ទម្រង់លេងរបស់ Barcelona មានភាពប្រសើរឡើងច្រើន ហើយពួកគេមិនទាន់ចាញ់ការប្រកួតណាមួយឡើងក្នុង 16 ប្រកួតចុងក្រោយ សូម្បីតែអធិរាជ UCL Real Madrid ក៏ចាញ់ក្រោមថ្វីជើងរបស់ពួកគេដែរ។
ប៉ុន្តែទោះបីជាយ៉ាងណា ការប្រកួតមិនទាន់បានកើតឡើង Benfica នៅតែមានសង្ឃឹម ទោះបីជា 1ភាគរយក៏ដោយ។