Sports
Real Madrid ស្នើសុំដូរកាលវិភាគប្រកួតមួយថ្ងៃ តែត្រូវបាន La Liga បដិសេធ

Real Madrid នឹងត្រូវប្រកួតជាមួយ Alaves ក្នុងពានរង្វាន់ La Liga នៅថ្ងៃទី 13 ខែ មេសា ខាងមុខនេះ វេលាម៉ោង 9:15 នាទីយប់ ម៉ោងនៅកម្ពុជា ហើយពួកគេនឹងត្រូវប្រកួតជាមួយ Arsenal ក្នុងពានរង្វាន់ UEFA Champions League វគ្គ 8 ក្រុម ជើងទី2 នៅថ្ងៃទី 17 ខែ មេសា ម៉ោង 2:00 នាទីព្រឹក (យប់ថ្ងៃទី 16 ឈានចូល 17)។
ការប្រកួតជាមួយនឹង Arsenal សំខាន់ខ្លាំងសម្រាប់ពួកគេដែលពួកគេត្រូវការវាយបកវិញ បន្ទាប់ពីចាញ់ក្នុងជើងទី 1 ក្នុងលទ្ធផល 3 ទល់នឹង 0។ ដូច្នេះហើយទើប Real Madrid ចង់ផ្លាស់ប្តូរការប្រកួតជាមួយ Alaves មកប្រកួតថ្ងៃ 12 វិញ គឺសុំលើកមកប្រកួតមុនកាលវិភាគផ្លូវការ ចំនួន 1ថ្ងៃ ដើម្បីឱ្យកីឡាកររបស់ពួកគេមានពេលសម្រាកបន្ថែមមុនពេលប្រកួតជាមួយក្លឹប Arsenal។
La Liga បានបដិសេធសំណើរបស់ក្លឹប Real Madrid ដែលចង់ផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតទោះបីជាក្លឹបទាំងពីរបានយល់ព្រមក៏ដោយ។ Real Madrid បានស្នើសុំទៅក្លឹប Alaves ហើយ Alaves ក៏បានយល់ព្រមផ្លាស់ប្តូរកាលបរិច្ឆេទនេះ។ ប៉ុន្តែនៅពេល Real Madrid ដាក់សំណើទៅ La Liga ពួកគេបានបដិសេធដោយនិយាយថា សំណើនេះធ្វើឡើងយឺតពេល ព្រោះកាលវិភាគប្រកួតត្រូវបានកំណត់រួចហើយ។
La Liga បានជំទាស់ដោយសារតែច្បាប់របស់ពួកគេតម្រូវឱ្យសំណើបែបនេះត្រូវធ្វើឡើងមុនពេលកាលវិភាគផ្លូវការត្រូវបានប្រកាស។ រឿងនេះបានធ្វើឱ្យ Real Madrid មិនសប្បាយចិត្ត ព្រោះពួកគេមានអារម្មណ៍ថា ការមានពេលសម្រាកតិច អាចប៉ះពាល់ដល់ការត្រៀមខ្លួនរបស់ពួកគេសម្រាប់ការប្រកួតសំខាន់នៅ Champions League។