Connect with us

Uncategorized

ក្លឹបបាល់ទាត់នៅបារាំងដែល Mbappe ទើបតែទិញ កំពុងជួបបញ្ហាធ្ងន់ធ្ងរមិនធ្លាប់មាន

Published

on

ក្លឹបបាល់ទាត់ដ៏ល្បីឈ្មោះរបស់បារាំង អេសអឹម កាអែន (Stade Malherbe Caen) កំពុងធ្លាក់ចូលវិបត្តិធ្ងន់ធ្ងរបន្ទាប់ពីត្រូវបានកាត់ចេញ ធ្លាក់ទៅកាន់លីគលំដាប់ទី៣ របស់ប្រទេសបារាំង។ នេះជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំដែលក្លឹបនេះបានធ្លាក់ចេញពីលីគកំពូលទាំងពីររបស់បារាំង គឺ Ligue 1 និង Ligue 2។ មានមូលហេតុសមស្របមួយចំនួនដែលបណ្តាលឱ្យក្លឹបមួយនេះជួបបញ្ហាធ្ងន់ធ្ងរនេះ

១. ចំណាត់ថ្នាក់ និង លទ្ធផលចាញ់ច្រើន
អេសអឹម កាអែន បានទទួលរងនូវការបរាជ័យជាបន្តបន្ទាប់នៅរដូវកាលនេះ។ ការបរាជ័យចុងក្រោយ ០-៣ ទល់នឹងក្លឹប FC Metz បានធ្វើឱ្យក្លឹបត្រូវកាត់ចេញ ធ្លាក់ទៅកាន់លីគទី៣។ ក្រុមនេះឈរនៅបាតតារាងនៃ Ligue 2 ដោយមានគម្លាត៨ពិន្ទុពីក្រុមដែលមិនត្រូវកាត់ចោល។ ចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ មក កាអែនមិនដែលឈ្នះការប្រកួតនៅ Ligue 2 ឡើយ ហើយធ្លាប់ចាញ់៨ប្រកួតជាប់គ្នារហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥។

២. ការមិនពេញចិត្តពីអ្នកគាំទ្រ និងបញ្ហាម្ចាស់ក្លឹប
នៅខែកក្កដា ឆ្នាំ២០២៤ ខ្សែរប្រយុទ្ធរបស់ Real Madrid គឺកីឡាករ គីលីយ៉ាន អឹមបាប៉េ (Kylian Mbappé) បានទិញភាគហ៊ុន៨០% នៃក្លឹបក្នុងតម្លៃប្រមាណ ១៥លានអឺរ៉ូ។ ទោះជាយ៉ាងណា អ្នកគាំទ្របានសម្តែងការមិនពេញចិត្តចំពោះការចាត់ចែងនិងគ្រប់គ្រងរបស់គាត់នៅក្នុងក្លឹប។ ពួកគេបានបង្ហាញបដាដែលសរសេរថា “អឹមបាប៉េ! អេសអឹម កាអែន មិនមែនជារបស់លេងរបស់អ្នកទេ” និងបានរិះគន់ចំពោះការបណ្តេញគ្រូបង្វឹកជាទីស្រឡាញ់របស់ពួកគេ នីកូឡាស សឺប (Nicolas Seube) នៅខែធ្នូ ឆ្នាំ២០២៤។ នៅខែមករា ឆ្នាំ២០២៥ អ្នកគាំទ្រថែមទាំងបានចូលទីលានប្រកួតបន្ទាប់ពីចាញ់ក្រុម EA Guingamp ១-០ ដើម្បីបញ្ចេញកំហឹងទៀតផង។

៣. អស្ថិរភាពគ្រូបង្វឹក និងកីឡាករ
ក្រោយការបណ្តេញលោក Nicolas Seube រួចហើយ គ្រូបង្វឹក ប៊្រុយណូ បាល់តាហ្សារ (Bruno Baltazar) ក៏ត្រូវបានបណ្តេញនៅខែកុម្ភៈ ឆ្នាំ២០២៥ ហើយលោក មីឆែល ដឺ ហ្សាការីយ៉ាន (Michel Der Zakarian) ត្រូវបានតែងតាំងជំនួស ប៉ុន្តែការផ្លាស់ប្តូរនេះមិនអាចជួយស្តារស្ថានភាពបានទេ។ កីឡាករមួយចំនួនត្រូវបានគេរាយការណ៍ថាខ្វះការតាំងចិត្ត និងមានភាពតានតឹងក្នុងក្រុម ដែលធ្វើឱ្យស្មារីនៅក្រុមមានការធ្លាក់ចុះខ្លាំង។

ទោះបីជាក្លឹបកំពុងជួបវិបត្តិ អ្នកគាំទ្រអេសអឹម កាអែន នៅតែស្មោះត្រង់ចំពោះក្លឹបដែលពួកគេបានគាំទ្រ ដែលនេះគឺជាទម្លាប់ល្អមួយរបស់អ្នកគាំទ្រវិស័យបាល់ទាត់នៅអ៊ឺរ៉ុប ក្នុងការទ្រទ្រង់វិស័យបាល់ទាត់ឱ្យមានភាពរីកចម្រើន ទោះបីជាក្រុមរបស់ពួកគេធ្លាក់ចុះយ៉ាងណាក៏ដោយក៏នៅតែមានអ្នកគាំទ្រ មិនងាយផ្លាស់ប្តូក្រុមឡើយ។ SM Caen នៅតែទាក់ទាញអ្នកទស្សនា ១៦,០០០នាក់ ទោះបីក្រុមឈរបាតតារាងក៏ដោយ។ អ្នកគាំទ្រត្រូវបានគេចាត់ទុកជាកម្លាំងដ៏សំខាន់ ហើយភាពអត់ធ្មត់របស់ពួកគេពិតជាគួរឱ្យគោរពនិងកោតសរសើរ។

អេសអឹម កាអែន ធ្លាប់ជាក្លឹបខ្លាំងនៅ Ligue 1 ប៉ុន្តែឥឡូវនេះត្រូវប្រឈមនឹងការកសាងឡើងវិញនៅលីគទី៣។ អឹមបាប៉េ ធ្លាប់បានប្រកាសពីសុទិដ្ឋិនិយមរបស់គេក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ដោយនិយាយថា “គ្មានអ្វីមិនអាចទៅរួច” ប៉ុន្តែស្ថានភាពបានកាន់តែអាក្រក់ទៅៗ។ អ្នកគាំទ្រកំពុងរង់ចាំមើលថាតើលោក អឹមបាប៉េ អាចនាំក្លឹបនេះត្រឡប់ទៅរកភាពរុងរឿងបានឬយ៉ាងណា។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២