Sports
Manchester United កំពុងពិចារណាយកអ្នកចាំទីម្នាក់តម្លៃ ៧៥លានអឺរ៉ូ មកជំនួសកន្លែង Onana

អ្នកចាំទីសញ្ជាតិ Cameroon គឺ Andre Onana ដែលបិសាចក្រហមយកមកជំនួសកន្លែង របស់ David De Gea នៅក្លឹបបិសាចក្រហម Manchester United បច្ចុប្បន្នបង្ហាញទម្រង់លេងមិនសូវបានល្អប៉ុន្មាននោះទេ។ រូបគេត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាញឹកញាប់ ព្រោះរូបគេឧស្សាហ៍បង្កកំហុសដែលមិនគួរកើឡើង ធ្វើឱ្យរបូតគ្រាប់បាល់សំខាន់ៗជាច្រើន។ មកដល់ពេលនេះក្រុមបិសាចក្រហម កំពុងស្ថិតនៅលេខរៀងទី ១៤ ក្នុងតារាង Premier League ក្រោយពីបរាជ័យក្រោមថ្វីដៃរបស់ Wolves កាលពីថ្ងៃទី ២០ ខែមេសា កន្លងទៅ។
ថ្មីៗនេះបានលេចលឺព័ត៌មានអំពីការពិចារណារកអ្នកចាំទីថ្មីមកជំនួស Onana ហើយបើតាមប្រភពពីបរទេសបានឱ្យដឹងថា អ្នកដែលក្លឹបកំពុងពិចារណាយកមកនោះគឺ Diogo Costa សញ្ជាតិព័រទុយហ្គាល់។ យោងតាមរបាយការណ៍ពី Correio Da Manha ក្លឹប Manchester United កំពុងសម្លឹងមើល Diogo Costa យ៉ាងយកចិត្តទុកដាក់ ហើយពួកគេបានបញ្ជូនអ្នកសង្កេតការណ៍ឱ្យទៅដល់ FC Porto ទៀតផង។
Diogo Costa សញ្ជាតិព័រទុយហ្គាល់វ័យ ២៥ ឆ្នាំរូបនេះ មានបទពិសោធន៍ជាង ១២២ ប្រកួតជាមួយ Porto និងជាប្រធានក្រុម ព្រមទាំងជាអ្នកចាំទីដ៏ល្អ របស់ជម្រើសជាតិព័រទុយហ្គាល់ទៀតផង។ គាត់បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយ Clean Sheet ១៥ដង ក្នុងចំណោម ៣៤ ប្រកួតនៅរដូវកាលនេះ។ កូស្តាមានជំនាញក្នុងការចែកបាល់ ការលេងចេញពីខាងក្រោម និងការគ្រប់គ្រងបាល់ខ្ពស់ ដែលស័ក្តិសមនឹងប្រព័ន្ធលេងរបស់គ្រូបង្វឹក Amorim។
យើងនឹងរង់ចាំមើលទាំងអស់គ្នាថា បិសាចក្រហមអាចចែចូវយក Costa មកកាន់ទឹកដី Old Traford បានដែរឬទេ ខណៈដែលតម្លៃខ្លួនរបស់គេត្រូវបានបង្ហើបមកថាកំពុងចរចារក្នុងតម្លៃ ៧៥លានអឺរ៉ូ។