បាល់ទាត់អន្តរជាតិ
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
ដេវីដ ប៊ែកហាំ (David Beckham) គឺជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញមួយរូបក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានគេស្គាល់ជាពិសេសដោយសារសមត្ថភាពទាត់បាល់ហ្វ្រីឃីក និងការបញ្ជូនបាល់ (assist) ដ៏អស្ចារ្យ។ កើតនៅថ្ងៃទី ២ ឧសភា ឆ្នាំ១៩៧៥ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ប៊ែកហាំបានក្លាយជានិមិត្តសញ្ញានៃកីឡាបាល់ទាត់ ដោយសារទេពកោសល្យ និងភាពជាអ្នកនាំលេងនៅលើទីលាន។
ប៊ែកហាំត្រូវបានគេចាត់ទុកថាជា អធិរាជហ្វ្រីឃីក។ គ្រាប់បាល់ freekick របស់គាត់មួយៗ ច្បាស់ខ្លាំងណាស់ ដូចម៉ាស៊ីនស៊ុតបាល់ដែលគេប្រើសម្រាប់បង្វឹកអ្នកចាំទីនាពេលបច្ចុប្បន្នអញ្ចឹង។ គាត់បានស៊ុតបញ្ចូលទីពីការទាត់ហ្វ្រីឃីកជាច្រើនគ្រាប់ក្នុងអាជីពរបស់គាត់ ជាពិសេសនៅពេលលេងឱ្យក្លិប ម៉ែនឆេស្ទ័រ យូណាយធីត (Manchester United)។ គ្រាប់បាល់ដ៏ល្បីល្បាញមួយគឺនៅឆ្នាំ១៩៩៧ នៅពេលដែលគាត់ស៊ុតបញ្ចូលទីពីចម្ងាយជិតពាក់កណ្តាលទីលាន ក្នុងការប្រកួតជាមួយក្លិប វីមប៊លដុន (Wimbledon)។
ការទាត់ហ្វ្រីឃីករបស់ប៊ែកហាំមិនត្រឹមតែជាការស៊ុតបញ្ចូលទីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱកាសឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីផងដែរ។ បាល់កោងដ៏ល្អឥតខ្ចោះរបស់គាត់ តែងតែធ្វើឱ្យអ្នកចាំទីគូប្រកួតពិបាកសង្គ្រោះ។ គ្រាប់បាល់ដ៏សំខាន់មួយទៀតគឺនៅឆ្នាំ២០០១ ក្នុងការប្រកួតជម្រុះ World Cup ជាមួយក្រុមជម្រើសជាតិក្រិក ដែលគាត់ស៊ុតហ្វ្រីឃីកនៅនាទីចុងក្រោយ ដើម្បីជួយអង់គ្លេសឡើងទៅវគ្គបន្ត។
ក្រៅពីការទាត់ហ្វ្រីឃីក ប៊ែកហាំក៏ជាអ្នកបញ្ជូនបាល់ដ៏ឆ្នើម។ គាត់មានសមត្ថភាពក្តោបស្ថានការណ៍នៃការប្រកួតបានល្អ និងបញ្ជូនបាល់ច្បាស់ដូចចាប់ដាក់ ដែលជួយឱ្យមិត្តរួមក្រុមងាយស្រួលក្នុងការស៊ុតបញ្ចូលទី។ នៅក្លិប ម៉ែនឆេស្ទ័រ យូណាយធីត គាត់បានបញ្ជូនបាល់ឱ្យកីឡាករដូចជា អេនឌី ខូល (Andy Cole), ដ្វៃ យ៉ក (Dwight Yorke) និង រ៉ូណាន់ គ្រីស្ទៀន (Ruud van Nistelrooy) ស៊ុតបញ្ចូលទីជាច្រើន។ ការបញ្ជូនបាល់ពីចម្ងាយ និងការបើកបាល់ពីស្លាបរបស់គាត់ តែងតែមានភាពជាក់លាក់ខ្ពស់ ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដ៏សំខាន់នៅលើទីលាន។
ក្នុងអាជីពរបស់គាត់ ប៊ែកហាំបានបញ្ជូនបាល់ (assist) រាប់រយគ្រាប់ ជាពិសេសនៅក្នុងក្របខណ្ឌ Premier League និង UEFA Champions League។ គាត់បានជួយ ម៉ែនឆេស្ទ័រ យូណាយធីត ឈ្នះជើងឯក Premier League ៦ ដង និង Champions League ១ ដងនៅឆ្នាំ១៩៩៩។ ក្រោយមក នៅពេលផ្ទេរទៅក្លិប រៀល ម៉ាឌ្រីដ (Real Madrid) និង អិលអេ ហ្គាឡាក់ស៊ី (LA Galaxy) គាត់នៅតែបន្តបង្ហាញសមត្ថភាពបញ្ជូនបាល់ដ៏ល្អឥតខ្ចោះ ហើយសូម្បីតែពេលគាត់លេងនៅក្នុងការប្រកួតមិត្តភាពវ័យចាស់ក៏ដោយ គាត់នៅតែបន្តស៊ុតបាល់ freekick បញ្ជូលទីយ៉ាងច្បាស់ដដែល។
ដេវីដ ប៊ែកហាំ មិនត្រឹមតែជាកីឡាករដែលមានទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកបំផុសគំនិតសម្រាប់កីឡាករជំនាន់ក្រោយ។ ការទាត់បាល់ហ្វ្រីឃីក និងការបញ្ជូនបាល់របស់គាត់ បានក្លាយជាគំរូសម្រាប់កីឡាករជាច្រើន។ ទោះបីជាគាត់បានចូលនិវត្តន៍នៅឆ្នាំ២០១៣ ក៏ដោយ កេរដំណែលរបស់គាត់នៅតែរស់នៅក្នុងបេះដូងអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក។
ទស្សនាវីឌីអូ៖


