បាល់ទាត់អន្តរជាតិ
Darwin Nunez បដិសេធមិនទទួលយកអាវលេខ 10 របស់ Sadio Mane

ក្លឹបហង្សក្រហម Liverpool បានបំបែកកំណត់ត្រាទិញខ្សែប្រយុទ្ធតម្លៃថ្លៃ Darwin Nunez កាលពីពេលថ្មីៗកន្លងទៅនេះ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ កីឡាករដែលមានតម្លៃខ្លួន 85 លានផោនរូបនេះ បានសម្រេចចិត្តយកអាវលេខ 27 សម្រាប់ក្លឹបថ្មីរបស់ខ្លួនទៅវិញ។
កីឡាករសញ្ជាតិអ៊ុយរូហ្គាយ Darwin Nunez ដែលបច្ចុប្បន្នមានវ័យ 22 ឆ្នាំ ពាក់អាវលេខ 9 នៅក្លឹបចាស់ Benfica វាជាលេខដែលភាគច្រើនត្រូវបានគេផ្ដល់ឲ្យខ្សែប្រយុទ្ធកណ្តាល។ ការចាកចេញរបស់ Divock Origi បានបន្សល់អាវលេខ 27 ដែលជាជម្រើសមួយសម្រាប់ Darwin Nunez។
មនុស្សជាច្រើនបានសង្ស័យថា គាត់នឹងអាចយកអាវលេខ 10 របស់ Sadio Mane ដែលខ្សែប្រយុទ្ធស្លាបរូបនេះបានចាកចេញទៅក្លឹប Bayern Munich។ ផ្ទុយទៅវិញ Nunez នឹងមិនយកលេខ 10 នោះឡើយ ហើយរង់ចាំអាវលេខ 9 ដែលជាលេខគាត់ពេញចិត្ត តែបច្ចុប្បន្នកំពុងពាក់ដោយ Roberto Firmino។ យ៉ាងណា Roberto Firmino នៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះ ហើយក្លឹបនឹងមិនបន្តកុងត្រាថ្មីជាមួយគាត់ឡើយ។ ដូច្នេះពេល Firmino ចាកចេញ លេខ 9 នឹងក្លាយជាកម្មសិទ្ធិរបស់ Darwin Nunez។
បច្ចុប្បន្ននេះអាវលេខ 10 កំពុងរងចាំអ្នកស្នងតំណែង ហើយមានកីឡាករជាច្រើនរបស់ក្លឹបហង្សក្រហម Liverpool ដែលគេគិតថា អាចនឹងពាក់អាវលេខ 10 បាន។ ក្នុងនោះមានដូចជា៖ Fabio Carvalho, Luis Diaz, Diogo Jota, Harvey Elliott, Curtis Jones រឺអាចជា Trent Alexander-Arnold។
ប្រភព: Mirror