បាល់ទាត់អន្តរជាតិ
Chelsea ពិភាក្សាជាមួយអ្នកតំណាងរបស់ក្លឹប Ajax ពាក់ព័ន្ធនឹងផ្ទេរខ្សែប្រយុទ្ធ Antony

ក្លឹបតោខៀវ Chelsea ស្ថិតក្នុងចំណោមក្លឹបធំៗផ្សេងទៀត ដែលបានពិភាក្សាកាលពីពេលថ្មីៗនេះជាមួយអ្នកតំណាងរបស់ក្លឹប Ajax ជុំវិញស្ថានភាពផ្ទេរខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Antony (នេះបើយោងតាមគេហទំព័រ 90min.com បានចុះផ្សាយ)។
យ៉ាងណាមិញ Antony គឺជាគោលដៅផ្ទេរដ៏សំខាន់ទីមួយសម្រាប់ក្លឹបបិសាចក្រហម Manchester United ប៉ុន្តែអ្វីៗនៅមិនទាន់កើតឡើងជាដុំកំភួនឡើយ ដូច្នេះស្ថិតក្នុងឱកាសនេះ Chelsea ក៏ចាប់អារម្មណ៍ចង់បានកីឡាករឆ្នើមរូបនេះដែរ។
យ៉ាងណាមិញ Antony បានក្លាយជាកីឡាករលេចធ្លោបំផុតមួយ ក្នុងអំឡុងពេលពីរឆ្នាំរបស់គាត់នៅ Amsterdam ហើយត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិប្រេស៊ីល និងស៊ុតបញ្ចូលទី 2 គ្រាប់សម្រាប់ក្រុមជម្រើសជាតិក្នុងឆ្នាំ 2021/22 ទៀតផង។
អតីតគ្រូបង្វឹក Erik ten Hag ដែលមើលឃើញច្បាស់ពីសមត្ថភាព និងភាពលេចធ្លោររបស់កីឡាករវ័យ 22 ឆ្នាំរូបនេះនៅ Ajax កំពុងព្យាយាមជម្រុញឲ្យក្លឹបបិសាចក្រហមនាំយកគាត់ឲ្យបានកាន់តែឆាប់កាន់តែល្អ។ គេក៏បានឃើញភ្នាក់ងារកីឡាករ Antony ស្ថិតនៅក្នុងប្រទេសអង់គ្លេសកាលពីប៉ុន្មានសប្តាហ៍មុនផងដែរ។
ជាការពិតណាស់ Antony បានផ្តល់សញ្ញាថា គាត់ចង់ចាកចេញពីទឹកដី Johan Cruyff Arena នៅរដូវក្តៅនេះ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីដែលលេចធ្លោរជាងមុន។
នៅពេលនេះ ក្លឹបបិសាចក្រហម Manchester United កំពុងប្រឈមមុខនឹងការប្រកួតប្រជែងពីគូប្រជែង Premier League គឺក្លឹប Chelsea ដែលពួកគេក៏ចង់បាន Antony ដែរ។
ប្រភព: 90 Min