បាល់ទាត់អន្តរជាតិ
Di Maria ពន្យារការឆ្លើយតបទៅ Juventus ដើម្បីរងចាំភ្លើងខៀវពី Barcelona
ក្លឹបអ្នកមានបុណ្យ Barcelona កំពុងសម្លឹងរកកីឡាករម្នាក់ដែលលេងប្រយុទ្ធស្លាបស្ដាំ ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថាជាកីឡាកររូបណា។ អ្វីដែលសំខាន់មួយទៀតគឺ Ousmane Dembele ដោយកីឡាករសញ្ជាតិបារាំងរូបនេះ មិនទាន់បដិសេធបន្តកុងត្រាថ្មី ហើយក៏មិនទាន់សម្រេចចិត្តបន្តកុងត្រាថ្មីរបស់គាត់ដែរ។
Ousmane Dembele គឺជាខ្សែប្រយុទ្ធស្លាបស្ដាំ ជម្រើសទីមួយដែល Barcelona ចង់រក្សាទុក។ ប្រសិនបើមិនអាចហាមឃាត់ Dembele ឲ្យនៅបានទេ ក្លឹបអ្នកមានបុណ្យ Barcelona នឹងសម្លឹបមើលជម្រើសទីពីរដែលជា Raphinha របស់ក្លឹប Leeds United។
លើសពីនេះទៅទៀត បើការទាមទារថ្លៃផ្ទេរពីក្លឹប Leeds United លើសពីសមត្ថភាពដែល Barcelona អាចទទួលយកបាននោះ ពួកគេនឹងសម្លឹងរកកីឡាករជម្រើសទីបីគឺ Angel Di Maria ដែលជាកីឡាករដែលគ្មានតម្លៃខ្លួន។
ដោយឡែកនៅពេលនេះទាំង Raphinha និង Angel Di Maria សុទ្ធតែរងចាំដំណឹងល្អពី Barcelona ខណៈដែល Angel Di Maria មានជម្រើសទៅ Juventus ប៉ុន្តែកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ហាក់ដូចជាពេញចិត្តការផ្ទេរមកទឹកដីអេស្ប៉ាញជាមួយ Barcelona ជាជាងការផ្ទេរទៅទឹកដីអ៊ីតាលី។
Angel Di Maria បានប្រាប់ទៅ Juventus ថាគាត់នឹងធ្វើការសម្រេចចិត្តគ្រប់យ៉ាងនៅពេលដែលគាត់ចប់ភារកិច្ចជាមួយក្រុមគ្រួសារ ដោយពេលនេះគាត់កំពុងចំណាយពេលសម្រាកលំហែរកាយជាមួយប្រពន្ធកូនគាត់។ តែតាមពិតទៅប្រហែលជាគាត់កំពុងរងចាំដំណឹងល្អដែលក្លឹប Barcelona ចុះហត្ថលេខាលើគាត់។
ប្រភព: Marca


