បាល់ទាត់អន្តរជាតិ
Ciro Immobile សាទរចំពោះការវិលត្រឡប់មកវិញរបស់ Lukaku ជាមួយ Inter Milan

ប្រធានក្រុម Lazio គឺខ្សែប្រយុទ្ធ Ciro Immobile បានបង្ហាញពីភាពសុទិដ្ឋិនិយម និងអបអរសាទរចំពោះវត្តមាននៃការវិលត្រឡប់មកវិញរបស់ខ្សែប្រយុទ្ធ Romelu Lukaku ដែលក្លឹប Inter Milan ត្រៀមខ្ចីជើងពី Chelsea។
Immobile ជឿជាក់ថា ការវិលត្រឡប់របស់ Lukaku ទៅ Inter Milan នឹងជួយបង្កើនកម្រិតនៃការប្រកួតប្រជែងនៅក្របខ័ណ្ឌ Serie A របស់អ៊ីតាលី។
យ៉ាងណា បច្ចុប្បន្នក្លឹប Inter Milan កំពុងចរចាយ៉ាងស៊ីជម្រៅជាមួយ Chelsea ជុំវិញការចុះហត្ថលេខាខ្ចីជើងមួយរដូវកាលសម្រាប់ Lukaku ហើយអ្វីៗហាក់ដូចជាដំណើរការសម្រេចជិតមួយរយភាគរយទៅហើយ។
ដោយឡែក Lukaku ធ្លាប់រកបានគ្រាប់បាល់ 64 គ្រាប់ ក្នុងការបង្ហាញខ្លួន 95 លើកសម្រាប់ក្លឹបយក្ស Inter Milan ក្នុងរយៈពេល 2 ឆ្នាំដំបូងរបស់គាត់នៅប្រទេសអ៊ីតាលី ហើយក្រោយមកទើប Chelsea ទិញគាត់យកទៅក្នុងតម្លៃផ្ទេរជាង 100 លានផោន។ អាជីពរបស់ Lukaku នៅ Chelsea មិនជោគជ័យឡើយ ហើយពេលនេះ Inter Milan សម្រេចចិត្តនាំយកគាត់មកវិញ តែក្នុងលក្ខខណ្ឌខ្ចីជើង។
ថ្លែងនៅក្រោយពិធីប្រគល់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ Immobile បាននិយាយថា៖ “ជាមួយនឹងវត្តមានរបស់ Lukaku ត្រឡប់មកអ៊ីតាលីវិញ កម្រិតនៃលីគរបស់យើង (លីគអ៊ីតាលី) នឹងកើនឡើងមួយកម្រិតទៀត ខ្ញុំនឹងត្រូវបន្តប្រឹងប្រែងឲ្យអស់ពីសមត្ថភាព…”។
ប្រភព: Dailypost