Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ត្រៀម​ទិញ​ខ្សែ​ប្រយុទ្ធ​វ័យ 17 ឆ្នាំ​ម្នាក់ ដែល​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង Samuel Eto

Published

on

ក្លឹប Real Madrid ត្រូវ​​បាន​​គេ​​រាយការណ៍​​ថា កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​​របស់​ក្លឹប Borussia Dortmund គឺ​កីឡាករ Youssoufa Moukoko នៅ​មុន​រដូវ​កាល​ថ្មី​ចូល​មក​ដល់។

កីឡាករ​វ័យ 17 ឆ្នាំ​រូបនេះ​ត្រូវ​បាន​គេ​ផ្ដល់​រហ័ស្ស​នាម​ថា​ជា Samuel Eto’o ទី​ពីរ​ព្រោះ​គាត់​មាន​សមត្ថភាព​ដ៏​លេច​ធ្លោរ និង​ជា​កីឡាករ​ដែល​មាន​សញ្ជាតិ​កាមេរូន​ដូច​គ្នា។ Youssoufa Moukoko បាន​ក្លាយ​ជា​កីឡាករ​ក្មេង​ជាង​គេ​ដែល​បាន​ស៊ុត​បញ្ចូលទី​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Bundesliga ក្នុង​រដូវកាល​ឆ្នាំ 2020-21។ ក្រោយ​​មក​ទៀត គាត់​​​ក៏​បាន​ក្លាយ​ជា​កីឡាករ​ដែល​ក្មេង​គេ​បំផុត ដែល​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត UEFA Champions League។

ខ្សែ​ប្រយុទ្ធ Moukoko ធ្លាប់​បាន​ស៊ុត​បញ្ចូលទី​បាន 141 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ឈុត​យុវជន​ចំនួន 87 ប្រកួត មុន​ពេល​ដែល​ត្រូវ​បាន​គេ​ប្រម៉ូត​ឲ្យ​ឡើង​មក​លេង​ជា​មួយ​ឈុត​ធំ។ ជំនាញ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​គាត់ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លឹប Barcelona និង Inter Milan លោក Samuel Eto’o។

កុងត្រា​បច្ចុប្បន្ន​របស់​ Moukoko ជាមួយ Borussia Dortmund នឹង​ផុត​កំណត់​នៅ​ឆ្នាំ​ក្រោយ ដែល​វា​ជា​មូល​ហេតុ​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​ក្លឹប​ជាច្រើនកំពុង​កំណត់​គោលដៅ​ចង់​បាន​គាត់។

យោងតាម​របាយការណ៍​ពី Bild បាន​ឲ្យ​ដឹង​ថា ក្លឹប​ស្ដេចស Real Madrid គឺ​ជា​ក្លឹប​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​តម្លៃ 15 លានអឺរ៉ូ​រូប​នេះ ខណៈ​ដែល​ក្លឹប​ម្ចាស់​ជើង​ឯក​អេស្ប៉ាញ​ Real Madrid កំពុង​ស្វែង​រក​អ្នក​ស្នង​តំណែង​របស់ Karim Benzema។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២