បាល់ទាត់អន្តរជាតិ
កីឡាករកំពូលៗទាំង 5 រូប ដែលធ្លាប់បានបដិសេធមិនផ្ទេរទៅ Barcelona

Barcelona គឺជាក្លឹបដ៏កំពូលមួយនៅតំបន់អឺរ៉ុប ក៏ដូចជានៅប្រទេសអេស្ប៉ាញ។ ភាពលេចធ្លោររបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺបច្ចេកទេសលេងបាល់ខ្លីដ៏អស្ចារ្យ។ កីឡាករជាច្រើនដែល Barcelona ចុះហត្ថលេខានាំយកមក ភាគច្រើនសុទ្ធតែអាចមានសមត្ថភាពលេងបាល់ខ្លីបាន។
ថ្វីត្បិតតែ FC Barcelona ជាក្លឹបកំពូលមួយដែលធ្លាប់ឈ្នះពាន UCL ចំនួន 5 ដង និងពានលីគកំពូលរហូតដល់ទៅ 26 ដងក៏ដោយ ពួកគេក៏ធ្លាប់ត្រូវបានកីឡាករកំពូលៗមួយចំនួនបានបដិសេធមិនផ្ទេរទៅកាន់ក្លឹបរបស់ពួកគេដែរ។ ខាងក្រោមនេះ ជាកីឡាករទាំង 5 រូបដែលធ្លាប់បដិសេធការផ្ទេរទៅ Barcelona។
5. Theo Hernandez
ខ្សែការពារឆ្វេង Theo Hernandez មានភាពលេចធ្លោខ្លាំងនៅពេលគាត់មានវ័យ 19 ឆ្នាំ ក្នុងចំណោមកីឡាករវ័យក្មេងផ្សេងទៀតនៅ La Liga កាលពីរដូវកាល 2016/17 ពេលលេងនៅ Atletico Madrid។ ក្រោយមក Barcelona បានបញ្ចុះបញ្ចូល Hernandez ឲ្យចូលរួមជាមួយពួកគេ ខណៈដែលពេលនោះ Real Madrid ក៏បានចាប់អារម្មណ៍ Hernandez ដែរ។ ជាចុងក្រោយ Theo Hernandez បានជ្រើសរើសការផ្ទេរទៅ Real Madrid។
4. David Beckham
ក្នុងរដូវកាល 2002/03 ទំនាក់ទំនងរបស់ Beckham ជាមួយលោក Sir Alex Ferguson បានប្រេះឆា ហើយគាត់ត្រូវបានគ្រូបង្វឹកឲ្យអង្គុយនៅកៅអីបម្រុង។ Manchester United បានព្យាយាមលក់គាត់ចេញនៅចុងនិទាឃរដូវឆ្នាំ 2003 ហើយពេលនោះពួកគេបានព្រមព្រៀងជាមួយ Barcelona ទៀតផង។ យ៉ាងណាដោយសារការសម្រេចចិត្តស្ថិតនៅលើ Beckham គាត់បានសម្រេចចិត្តចូលរួមជាមួយក្លឹប Real Madrid ក្នុងកិច្ចព្រមព្រៀងផ្ទេរ 35 លានអឺរ៉ូ។
3. Karim Benzema
Karim Benzema បានទាក់ទាញក្រសែភ្នែករបស់ក្លឹបកំពូលៗ នៅអឺរ៉ុបក្នុងរដូវកាល 2007/08 និង 2008/09 នៅពេលដែលគាត់បានស៊ុតបញ្ចូលទី 54 គ្រាប់ឲ្យ Lyon។ ក្លឹបដូចជា Manchester United, Inter Milan, Barcelona និង Real Madrid សុទ្ធតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់។ ចុងក្រោយ Benzema បានជ្រើសរើសយក Real Madrid ដែលជាក្លឹបដែលខ្លួនពេញចិត្តជាងគេ។
2. Cristiano Ronaldo
ម្ចាស់ពាន Ballon d’Or 5 សម័យកាលរូបនេះ បានក្លាយជាកីឡាករដ៏អស្ចារ្យបំផុតក្នុងពិភពបាល់ទាត់ និងធ្លាប់បានច្រានចោលការផ្ទេរទៅ Barcelona ក្នុងឆ្នាំ 2009។ ក្រោយការផ្ទេរពី Sporting CP ទៅ Manchester United ក្នុងឆ្នាំ 2003 ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាខ្សែប្រយុទ្ធស្លាបដ៏ល្អបំផុតម្នាក់នៅលីគកំពូលអង់គ្លេស។ នៅឆ្នាំ 2009 ក្លឹប Barcelona ស្ទើរតែបានចុះហត្ថលេខាលើ Ronaldo ទៅហើយ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះបានលើកឡើងថា បើគាត់ផ្ទេរពីបិសាចក្រហម គាត់មិនទៅណាក្រៅពី Real Madrid ឡើយ។
1. Vinicious Junior
ក្លឹបយក្សនៅ La Liga ទាំងពីរបានប៉ះទង្គិចគ្នាសម្រាប់ការប្រជែងយកកីឡាករប្រេស៊ីលដែលលេងនៅ Flamengo។ ពេលនោះ Vinicius Jr. មានជម្រើសក្នុងការពិចារណារវាងការផ្ទេរទៅ Real Madrid រឺ Barcelona។ ចុងក្រោយ Vinicious បានសម្រេចចិត្តផ្ទេរមក Real Madrid នៅឆ្នាំ 2018 ដោយដំបូងឡើយលេងនៅ Real Madrid B ហើយរដូវកាលបន្ទាប់ក៏បានឡើងមកលេងឈុតធំជាផ្លូវការណ៍។
ប្រភព: Fcbarcelonalatestnews