បាល់ទាត់អន្តរជាតិ
កីឡាករ 5 រូបដែល Sir Alex Ferguson បង្ករកំហុសក្នុងការលក់ចេញ

ក្លឹបបិសាចក្រហម Manchester United ជាក្លឹបដ៏ធំបំផុតមួយក្នុងពិភពលោក ហើយរជ្ជកាលដែលអ្នកគាំទ្រតែងតែចងចាំមិនភ្លេចនោះ គឺជាពេលដែលលោក Sir Alex Ferguson កាន់តំណែងជាគ្រូបង្វឹកនៅ Old Trafford។
យុគសម័យរបស់ Sir Alex Ferguson មានកីឡាករដ៏អស្ចារ្យជាច្រើនដូចជា Eric Cantona, Cristiano Ronaldo, Ole Gunnar Solskjaer និង Edwin van der Sar។ គ្រូបង្វឹករូបនេះត្រូវបានគេគិតថា ជាមនុស្សម្នាក់ដែលពូកែក្នុងការមើលកីឡាករ និងនាំយកកីឡាករចំណូលថ្មីមិនសូវខុសឡើយ។
ទន្ទឹមនឹងចំណុចល្អនេះដែរ Sir Alex Ferguson ក៏ធ្លាប់បានបង្ករកំហុសមួយចំនួនក្នុងការលក់កីឡាករចេញផងដែរ។ ខាងក្រោមនេះ ជាកីឡាករទាំង 5 រូបដែល Sir Alex Ferguson ធ្លាប់បានលក់ចេញខុស។
5. Jaap Stam
Jaap Stam គឺជាខ្សែការពារដ៏ជោគជ័យបំផុតម្នាក់នៃយុគសម័យ Premier League។ គាត់គឺជាផ្នែកមួយដ៏សំខាន់នៃក្រុមបិសាចក្រហម។ ក្រោយមក Sir Alex Ferguson មានភាពល្អក់កករជាមួយខ្សែការពាររូបនេះ។ Stam សម្រេចចិត្តបានផ្លាស់ទៅ Lazio ក្នុងកិច្ចព្រមព្រៀងផ្ទេរ 16.5 លានផោន ក្នុងឆ្នាំ 2001។ បន្ទាប់មកគាត់លេចធ្លោរយ៉ាងខ្លាំងនៅលីគអ៊ីតាលី រហូតបន្តលេងឲ្យក្លឹប AC Milan និងជួយឲ្យក្លឹបឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅឆ្នាំ 2005 ទៀតផង។
4. Gerard Pique
Gerard Pique គឺជាខ្សែការពារវ័យក្មេងដ៏លេចធ្លោរម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League ពេលដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងឲ្យបិសាចក្រហមនៅឆ្នាំ 2004។ នៅឆ្នាំ 2008 ក្លឹបបិសាចក្រហម Manchester United បានលក់គាត់ឲ្យទៅ Barcelona។ អ្នកគាំទ្របិសាចក្រហមបានសោកស្ដាយចំពោះក្លឹបដែលលក់ខ្សែការពាររូបនេះ បន្ទាប់ពីគាត់មានទម្រង់លេងដ៏ល្អនៅ Barcelona និងបានជួយក្រុមជម្រើសជាតិអេស្ប៉ាញឲ្យឈ្នះពាន FIFA World Cup ក្នុងឆ្នាំ 2010 និងពាន European Championship ក្នុងឆ្នាំ 2012។
3. David Beckham
David Beckham ជាកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United តាំងពីអាយុ 16 ឆ្នាំ។ គាត់បានផ្លាស់ទៅលេងនៅ Real Madrid ក្នុងឆ្នាំ 2003 បន្ទាប់ពីក្លឹបបិសាចក្រហមមិនផ្ដល់ឱកាសឲ្យគាត់លេងបានច្រើន។ ក្រោយមកគាត់បានទទួលជោគជ័យបួនឆ្នាំជាមួយ Real Madrid ដែលបានឈ្នះពាន La Liga ក្នុងឆ្នាំ 2007។
2. Paul Pogba
Paul Pogba គឺជាកំហុសដ៏ធំមួយដែលបង្ករឡើងដោយលោក Sir Alex Ferguson។ Manchester United បានលក់គាត់ក្នុងតម្លៃ 80 ម៉ឺនផោន ទៅឲ្យ Juventus ក្នុងឆ្នាំ 2012។ ភាពលេចធ្លោររបស់ Paul Pogba នៅ Juventus ធ្វើឲ្យគាត់មានតម្លៃខ្លួនរហូតដល់ជាង 100 លានអឺរ៉ូ។
1. Cristiano Ronaldo
វាជាការបាត់បង់មួយដែលអ្នកគាំទ្របិសាចក្រហមមិនអាចនឹងបំភ្លេចបាន។ Cristiano Ronaldo បានចាកចេញពី Manchester United ទៅ Real Madrid នៅរដូវក្តៅឆ្នាំ 2009 បន្ទាប់ពីចំណាយពេល 6 ឆ្នាំដ៏ជោគជ័យនៅ Old Trafford។ Cristiano Ronaldo មានក្តីសុបិន្តដ៏ធំមួយនៅពេលនោះ ហើយ Sir Alex Ferguson មិនអាចបញ្ចុះបញ្ចូលគាត់ឲ្យនៅបន្តបាន។ ទីបំផុត Ronaldo បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃផ្ទេរ 90 លានអឺរ៉ូ។ នៅជាមួយ Real Madrid គាត់បានក្លាយជាខ្សែបម្រើស្លាបដ៏ល្អបំផុតម្នាក់នៅក្នុងពិភពបាល់ទាត់។ ពេលនោះដែរ គាត់ក៏បានឈ្នះពានរង្វាន់ Ballon d’Or ជាលើកដំបូងរបស់ខ្លួនទៀតផង។
ប្រភព: Sportskeeda