បាល់ទាត់អន្តរជាតិ
កីឡាករ 10 រូប ដែលទាត់បាល់ប៉េណាល់ទីបានល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់!!!

ពេលវេលាដ៏តានតឹងបំផុតក្នុងពិភពបាល់ទាត់ គឺការស៊ុតបាល់ប៉េណាល់ទី ទោះបីវាជារឿងងាយស្រួលមែន ប៉ុន្តែមិនមែនកីឡាករកំពូលៗជាច្រើនសុទ្ធតែអាចធ្វើបាននោះទេ។ ការទាត់បាល់ប៉េណាល់ទី ជាឱកាសដ៏ល្អកម្ររកបាន ហើយមានភាពងាយស្រួចបំផុត ប៉ុន្តែអ្នកទាត់បាល់ប៉េណាល់ទីពិតជាមានសម្ពាធខ្លាំងផងដែរ។
កីឡាករខ្លះត្រូវបានអ្នកគាំទ្រខឹងសម្បារ និងចងចាំនូវការបង្ករកំហុសដោយទាត់បាល់ប៉េណាល់ទីមិនចូល ហើយធ្វើឲ្យក្រុមរបស់ខ្លួនត្រូវចាញ់គូប្រកួត។ ប៉ុន្តែទន្ទឹមនឹងនេះដែរ ក៏មានកីឡាករមួយចំនួនពិតជាមានជំនាញក្នុងការទាត់បាល់បែបនេះ។ ដូច្នេះខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កំពូលកីឡាករដែលទាត់បាល់ពិន័យបានល្អបំផុតទាំង 10 រូបក្នុងប្រវត្តិសាស្ត្របាល់ទាត់។
10. Andrea Pirlo
Pirlo គឺជាអ្នកស៊ុតបាល់ប៉េណាល់ទីដំបូងរបស់អ៊ីតាលី ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2006 ទល់នឹងបារាំង ហើយគាត់បានជួយប្រទេសរបស់ខ្លួនឲ្យឈ្នះការប្រកួតនោះ។ នៅក្នុងការប្រកួតសំខាន់ៗ Pirlo កម្រស៊ុតបាល់ប៉េណាល់ទីខូចណាស់។
9. Ronaldinho
ក្រៅពីទេពកោសល្យនៃការញាក់បាល់ដ៏អស្ចារ្យ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Ronaldinho ក៏ត្រូវបានគេចាត់ទុកថា គឺជាកីឡាករស៊ុតបាល់ប៉េណាល់ទីបានល្អបំផុតផងដែរ។ គាត់ធ្លាប់ជាកីឡាករដែលលេចធ្លោរខ្លាំង ពេលលេងឲ្យក្លឹប FC Barcelona។
8. Michael Ballack
ក្រៅពីតួនាទីជាខ្សែបម្រើដ៏មានឥទ្ធិពលម្នាក់ Ballack ដែលជាអតីតកីឡាករ Chelsea រូបនេះមានបច្ចេកទេសដ៏អស្ចារ្យក្នុងការទាត់បាល់ប៉េណាល់ទីផងដែរ។ គាត់ត្រូវបានគេមើលឃើញថា ជាកីឡាករដែលហាក់ដូចជាមិនមានសម្ពាធចំពោះខ្លួនឯងឡើយ ពេលទាត់បាល់ប៉េណាល់ទីម្ដងៗ។
7. Alessandro Del Piero
អតីតខ្សែប្រយុទ្ធរូបនេះធ្លាប់ឈ្នះពាន World Cup កាលពីឆ្នាំ 2006 និងត្រូវបានគេទទួលស្គាល់ថា គាត់មិនត្រឹមតែមានទម្រង់លេងល្អនៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពស៊ុតបាល់ប៉េណាល់ទីដ៏អស្ចារ្យទៀតផង។ អតីតខ្សែប្រយុទ្ធក្រុម Juventus រូបនេះល្បីល្បាញខាងពូកែទាត់បាល់ប៉េណាល់ទី។
6. Steven Gerrard
អតីតខ្សែបម្រើរបស់ក្លឹប Liverpool រូបនេះ គឺជាកីឡាករអង់គ្លេសម្នាក់ដែលពូកែទាត់បាល់ប៉េណាល់ទី។ Gerrard មានអត្រាស៊ុតបាល់ប៉េណាល់ទីរហូតដល់ 92% ហើយបានក្លាយជាកីឡាករស៊ុតបាល់ប៉េណាល់ទីល្អបំផុតទី 4 នៅ Premier League។
5. Cristiano Ronaldo
Ronaldo គឺជាកីឡាករល្អបំផុតដែលអ្នកគាំទ្រជាច្រើនពេញចិត្តជាមួយនឹងទម្រង់លេង ភាពស្វាហាប់ និងពោរពេញដោយទំនុកចិត្តក្នុងការប្រកួត។ គាត់កម្រស៊ុតបាល់ប៉េណាល់ទីខូចណាស់។ ខ្សែប្រយុទ្ធរូបនេះ មានអត្រានៃការទាត់បាល់ប៉េណាល់ទីរហូតដល់ 94% ឯណោះ។
4. Zinedine Zidane
កីឡាករសញ្ជាតិបារាំងរូបនេះ គឺជាកីឡាករដែលស៊ុតបាល់ប៉េណាល់ទីល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ Zidane ជាកីឡាករម្នាក់ដែលលេងដោយទំនុកចិត្តខ្ពស់ ជាពិសេសគាត់កម្រនឹងបរាជ័យក្នុងការទាត់បាល់ប៉េណាល់ទីណាស់។
3. Frank Lampard
ក្រៅពីនាមជាខ្សែបម្រើដ៏ឆ្នើមមួយរូបនោះ Lampard មានអត្រាទាត់បាល់ពិន័យរហូតដល់ 93% និងមានគ្រាប់បាល់ប៉េណាល់ទីសរុប 53 គ្រាប់ ដែលក្នុងនោះ 43 គ្រាប់នៅក្នុងក្របខណ្ឌ Premier League ហើយធ្វើឲ្យគាត់ក្លាយជាកីឡាករដែលស៊ុតបាល់ប៉េណាល់ទីច្រើនជាងគេទីពីរនៅអង់គ្លេសបន្ទាប់ពី Alan Shearer។
2. Matt Le Tissier
កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ជាមនុស្សម្នាក់ដែលទាត់បាល់ប៉េណាល់ទីយ៉ាងសាមញ្ញៗបំផុត ហើយបានក្លាយជាអ្នកស៊ុតបាល់ប៉េណាល់ទីល្អបំផុតក្នុងពិភពបាល់ទាត់។ Le Tissier បានចំណាយពេលភាគច្រើននៃអាជីពរបស់គាត់ជាមួយក្លឹប Southampton និងមានអត្រាទាល់បាល់ប៉េណាល់ទីរហូតដល់ 98%។
1. Alan Shearer
អាចនិយាយបានថា វីរបុរសរបស់ក្លឹប Newcastle រូបនេះ ជាកីឡាករដែលទាត់បាល់ប៉េណាល់ទីបានល្អជាងគេបំផុត ដោយគាត់បានស៊ុតបាល់ប៉េណាល់ទីរហូតដល់ 56 គ្រាប់ នៅក្របខណ្ឌ Premier League ហើយបានធ្វើឲ្យគាត់ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅលីគកំពូលរបស់អង់គ្លេសផងដែរ។
ប្រភព: Sportskeeda