Connect with us

បាល់ទាត់អន្តរជាតិ

Cristiano Ronaldo រឺ Lionel Messi? នេះ​ជា​ការ​យល់​ឃើញ​របស់​កំពូល​គ្រូ​បង្វឹក​ទាំង 5 រូប!!!

Published

on

ការ​ជជែក​ដេញ​ដោយ​គ្នា​ទាក់​ទង​នឹង​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភព​លោក និង​ក្នុង​ពិភព​បាល់ទាត់ នៅ​តែ​បន្ត​តាំង​ពី​យូរ​មក​ហើយ ហើយ​ក៏​បន្ត​រហូត​ដល់​បច្ចុប្បន្ន​នេះ។ មាន​អ្នក​ខ្លះ​យល់​ថា Cristiano Ronaldo ល្អ​ជាង Lionel Messi ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​យល់​ថា Messi ល្អជាង Cristiano Ronaldo។

ដោយ​ឡែក​នៅ​ក្នុង​អត្ថបទ​នេះ ខ្ញុំ​នឹង​ធ្វើ​ការ​ដក​ស្រង់​នូវ​ការ​យល់​ឃើញ​ពាក់ព័ន្ធ​នឹង​ប្រធាន​បទ​ដែល​និយាយ​ថា នរណា​ជា​កីឡាករ​ល្អ​បំផុត​រវាង Cristiano Ronaldo និង Lionel Messi? ហើយ​វា​គឺ​ជា​ការ​យល់​ឃើញ​ពី​សំណាក់​គ្រូ​បង្វឹក​កំពូលៗ​នៅ​ក្នុង​ពិភព​បាល់ទាត់។

1. Alex Ferguson (Cristiano Ronaldo ល្អ​ជាង Messi)

នេះ​មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ដោយសារ​តែ​លោក Ferguson គឺ​ជា​គ្រូតា​របស់ Ronaldo និង​ជា​អ្នក​នាំ​យក​គាត់​មក​លេង​នៅ Manchester United ហើយ​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​កំពូល​កីឡាករ​មក​ទល់​ពេល​នេះ។

គាត់​បាន​និយាយ​កាល​ពីឆ្នាំ 2016 ថា៖ “Messi គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ បាល់​នៅ​ជាប់​ជើង​គាត់ ដូច​ជា​គាត់​ពាក់ស្បែក​ជើង​ដែរ។ តែ​សម្រាប់​ខ្ញុំ គឺ​មាន​ភាព​ខុសគ្នា។ Messi ជាកីឡាករ​សម្រាប់​តែ Barcelona។ ប៉ុន្តែ Ronaldo អាច​លេង​ឲ្យ Stockport County និង​អាច​រក​បាន Hat Trick។ គាត់​មាន​អ្វីៗ​គ្រប់យ៉ាង។ គាត់​​អាច​​ស៊ុត​បញ្ចូល​ទី​ដោយ​ជើង​ទាំង​ពីរ (ឆ្វេង, ស្ដាំ) និង​តែត​ដោយ​ប្រើ​ក្បាល។ គាត់​ក្លាហាន​ដូច​សត្វ​តោ…”។

2. Jurgen Klopp (Lionel Messi ល្អជាង Cristiano Ronaldo)

Klopp ធ្លាប់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​យល់​ឃើញ​របស់​គាត់​កាល​ពី​ឆ្នាំ 2018 ថា គាត់​គិត​ថា Messi គឺប្រសើរ​ជាង Cristiano Ronaldo។ គ្រូ​បង្វឹក​របស់​ក្លឹប​ហង្សក្រហម Liverpool រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​មាន​រូប​ថត Selfie តែមួយ​គត់​នៅ​លើ​ស្មាតហ្វូន​របស់​ខ្ញុំ។ នោះ​គឺ​រូប​ជាមួយ Messi”។

3. Zinedine Zidane (Cristiano Ronaldo ល្អ​ជាង Messi)

Zidane ធ្លាប់​ជា​គ្រូ​បង្វឹក​របស់ Ronaldo អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ គាត់​ក៏​ដឹង​ច្បាស់​ពី​​កីឡាករ​ព័រទុយហ្គាល់​​រូប​នេះ​ដែរ។ Zinedine Zidane បាន​និយាយ​ថា៖ “Cristiano គឺ​ល្អ​បំផុត។ Messi គឺ​ជា​គូប្រជែង​របស់​គាត់ ហើយ​វា​ជា​គូប្រជែង​ដែល​គ្រប់​គ្នា​ចង់​ឃើញ។ ប៉ុន្តែ Ronaldo គឺ​អស្ចារ្យ​ណាស់។ មិនមាន​ពាក្យ​អ្វី ដើម្បី​ពិពណ៌នា​អំពី​គាត់​ទេ។ គាត់ គឺ​ល្អ​ជាង​ខ្ញុំ ទោះ​បី​ជា​ខ្ញុំ​ធ្លាប់​មាន​អាជីព​ដ៏អស្ចារ្យ​ក៏ដោយ។ គាត់ គឺ​ជា​កីឡាករ​ដ៏​​អស្ចារ្យ​បំផុតក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់”។

4. Pep Guardiola (Lionel Messi ល្អជាង Cristiano Ronaldo)

លោក Guardiola ធ្លាប់​ជា​គ្រូ​បង្វឹក​របស់ Lionel Messi នៅ Barcelona ហើយ​នៅ​ឆ្នាំ 2016 គាត់​បាន​និយាយ​ថា កីឡាករ​អាហ្សង់ទីន Lionel Messi មាន​កម្រិត​ខ្ពស់​ខុស​ពី Ronaldo។ គាត់​បាន​និយាយថា៖ “Messi គឺ​ល្អ​បំផុត គាត់​ពិត​ជា​ល្អ​ណាស់។ គាត់​ដឹង​ពី​របៀប​លេង ស៊ុតបាល់​បញ្ចូលទី និង​បង្កើត​ឱកាស​ឲ្យ​មិត្ត​រួម​ក្រុម…”។

5. Joachim Low (Lionel Messi ល្អជាង Cristiano Ronaldo)

គ្រូ​បង្វឹក​ដែល​ធ្លាប់​ដឹកនាំ​អាឡឺម៉ង់​ឲ្យ​ឈ្នះពាន World Cup រូប​នេះ​បាន​និយាយ​កាល​ពី​ឆ្នាំ 2018 ថា៖ “ខ្ញុំ​នឹង​ជ្រើសរើស​យក Messi។ Cristiano Ronaldo គឺ​ជា​កីឡាករ​ដ៏​លេច​ធ្លោរ​ម្នាក់​ក្នុង​អាជីព​របស់​គាត់ ជា​​ម៉ាស៊ីន​​រក​គ្រាប់​បាល់​មិន​គួរ​ឲ្យ​ជឿ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ Messi ជា​កីឡាករ​ពេញលេញ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ”។

ប្រភព: Givemesport

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២