បាល់ទាត់អន្តរជាតិ
កីឡាករ 5 រូបដែល Barcelona ធ្លាប់ចំណាយលុយទិញខុស!!!

មុនពេលដែល Barcelona បាត់បង់កីឡាឆ្នើមៗ និងមានបញ្ហាញផ្នែកហិរញ្ញវត្ថុនានា កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញពីភាពខ្ជះខ្ជាយរបស់ក្លឹប ក្នុងការចុះហត្ថលេខាលើកីឡាករដែលមានតម្លៃថ្លៃៗ ហើយពេលពួកគេមកដល់ Barcelona ទម្រង់លេងហាក់ដូចជាមានភាពប្រែប្រួលខុសគ្នាខ្លាំងកាលពីនៅក្លឹបចាស់ ហើយធ្វើឲ្យតម្លៃខ្លួនរបស់ពួកគេធ្លាក់ចុះ។
ថ្វីត្បិតតែ Barcelona ជាក្លឹបធំ រឺអាចនិយាយបានថា ជាអធិរាជនៅអេស្ប៉ាញក៏ដោយ ប៉ុន្តែក្លឹបមួយនេះមិនពូកែក្នុងការចាយលុយទិញកីឡាករប៉ុន្មានឡើយ។ ខាងក្រោមនេះ យើងនឹងបង្ហាញជូនអ្នកទាំងអស់គ្នានូវកីឡាករ 5 រូបដែល Barcelona ធ្លាប់ចាយលុយទិញខុស។
1. ចុះហត្ថលេខាលើ Philippe Coutinho – តម្លៃផ្ទេរ 121 លានអឺរ៉ូ
ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលរូបនេះ Barcelona បានចំណាយលុយដ៏ច្រើន ដើម្បីនាំយកគាត់មកពី Liverpool កាលពីឆ្នាំ 2018។ ការលេងជាមួយ Barcelona កីឡាករ Philippe Coutinho ធ្វើមិនបានល្អដូចគាត់នៅ Liverpool ឡើយ រហូតដល់ធ្វើឲ្យក្លឹបសម្រេចចិត្តដាក់គាត់ឲ្យខ្ចីជើងទៅ Bayern Munich រដូវកាលឆ្នាំ 2019-2020។ បច្ចុប្បន្ននេះ Philippe Coutinho បានផ្ទេរទៅអង់គ្លេសវិញ ក្នុងតម្លៃផ្ទេរត្រឹមតែ 20 លានអឺរ៉ូប៉ុណ្ណោះ ដោយចូលរួមជាមួយ Aston Villa។
2. ចុះហត្ថលេខាលើ Ousmane Dembele – តម្លៃផ្ទេរ 105 លានអឺរ៉ូ
ខ្សែប្រយុទ្ធល្បឿនលឿនរូបនេះ ត្រូវបាន Barcelona នាំយកមកពីក្លឹបអាឡឺម៉ង់ Borussia Dortmund កាលពីឆ្នាំ 2017។ ក្លឹប Barcelona រំពឹងទុកថា Dembele នឹងមកជំនួសតំណែងរបស់ Neymar បាន។ ប៉ុន្តែការរំពឹងទុកមិនបានសម្រេចឡើយ ព្រោះខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ មានរបួសដ៏រុំាំរ៉ៃ ហើយទើបតែមានទម្រង់លេងប្រសើរឡើង នៅមួយរដូវកាលចុងក្រោយឆ្នាំ 2021-2022 នេះប៉ុណ្ណោះ។ តម្លៃខ្លួនរបស់ Dembele ធ្លាប់ពី 105 លានអឺរ៉ូ មកនៅត្រឹមតែ 50 រឺ 40 លានអឺរ៉ូប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ គាត់គឺជាកីឡាករដែលគ្មានតម្លៃខ្លួនបន្ទាប់ពីផុតកុងត្រាជាមួយក្លឹប Barcelona។
3. ចុះហត្ថលេខាលើ Andre Gomes – តម្លៃផ្ទេរ 35 លានអឺរ៉ូ
ខ្សែបម្រើរូបនេះ បានផ្ទេរមកពី Valencia កាលពីឆ្នាំ 2016។ នៅពេលដែល Barcelona ទិញ Andre Gomes មកក្នុងតម្លៃ 35 លានអឺរ៉ូនោះ ក្លឹបរបស់ពួកគេកំពុងមានខ្សែបម្រើឆ្នើមៗរួចទៅហើយដែលមានដូចជា Ivan Rakitic, Sergio Busquets និង Andres Iniesta។ នេះបង្ហាញឲ្យឃើញពីការចំណាយដ៏ខ្ជះខ្ជាយរបស់ក្លឹប។ ទម្រង់លេងរបស់ Gomes មិនលេចធ្លោរខ្លាំងឡើយ ហើយក្រោយមកនៅឆ្នាំ 2019 ក្លឹប Barcelona បានឲ្យគាត់ខ្ជីជើងទៅ Everton និងបានលក់ផ្ដាច់កុងត្រានៅឆ្នាំបន្ទាប់។
4. ចុះហត្ថលេខាលើ Malcom – តម្លៃផ្ទេរ 41 លានអឺរ៉ូ
ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Malcom បានផ្លាស់ទៅ Barcelona នៅរដូវក្តៅឆ្នាំ 2018 បន្ទាប់ពី Barcelona មើលឃើញគាត់មានទម្រង់លេងលេចធ្លោរខ្លាំងនៅ Ligue 1 ជាមួយក្លឹប Bordeaux។ ប៉ុន្តែការលេងឲ្យ Bordeaux និង Barcelona គឺមានភាពខុសគ្នាឆ្ងាយណាស់។ គាត់មានទម្រង់លេងធ្លាក់ចុះជាខ្លាំង ហើយធ្វើឲ្យក្លឹបសម្រេចចិត្តលក់គាត់ទៅឲ្យ Zenit S-Pb នៅឆ្នាំ 2019 ក្នុងតម្លៃផ្ទេរ 40 លានអឺរ៉ូ។
5. ចុះហត្ថលេខា Zlatan Ibrahimovic – តម្លៃផ្ទេរ 68 លានអឺរ៉ូ + Samuel Eto’o
វាជារឿងដ៏អាក្រក់បំផុតមួយរបស់ក្លឹប Barcelona នៅក្នុងការចុះហត្ថលេខាលើ Zlatan Ibrahimovic កាលពីឆ្នាំ 2009។ ក្លឹប Barcelona បានចំណាយប្រាក់រហូតដល់ 68 លានអឺរ៉ូ បូករួមទាំង Samuel Eto’o ម្នាក់ទៀត ដើម្បីយក Zlatan Ibrahimovic។ ទោះបីជាកំណត់ត្រាស៊ុតបញ្ចូលទីរបស់ Zlatan គឺល្អ ដោយមាន 21 គ្រាប់ ក្នុងការបង្ហាញខ្លួន 45 ប្រកួត ប៉ុន្តែគាត់មិនមានអារម្មណ៍លេងឲ្យក្លឹបបានយូរឡើយ ហើយបានចាកចេញទៅ AC Milan នៅឆ្នាំបន្ទាប់។
ប្រភព: Footballtransfers
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!